ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ ទំនាក់ទំនងផ្សាយពាណិជ្ជ : 060327222
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ៤០ ស្ថាប័ន ចុះទៅតាមអតីតទីតាំង បង្ក្រាបOnline Scams
ថ្ងៃទី ៖ 21-09-2026, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ អ្នកសារព័ត៌មានជាតិចំនួន ១៩ អង្គភាព និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ២០ អង្គភាព សរុបចំនួន ៧៤ រូប បានចុះទៅផ្តិតរូបភាព និងនិពន្ធជាអត្ថបទសារព័ត៌មាន នៅតាមអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលត្រូវបានបង្ក្រាប និងបិទនាពេលកន្លងមក នៅក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដែលដឹកនាំដោយក្រសួងព័ត៌មាន មុនពេលសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

សន្និសីទនេះ នឹងមានប្រទេសជាង ២០ មកពីគ្រប់ទ្វីបលើពិភពលោក និងស្ថាប័នអន្តរជាតិធំៗចូលរួម ដែលក្នុងនោះមានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មច្បាប់មេគង្គ-ឡានឆាង។ សន្និសីទនេះ រៀបចំឡើងដើម្បីបង្ហាញពីកិច្ចការបង្ក្រាបក្រុមឧក្រិដ្ឋជន និងការចូលរួមគ្នាបង្ក្រាបបន្ថែមទៀត ក៏ដូចជាបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ គឺជាកិត្តិយសមួយសម្រាប់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងការវាយប្រហារ ទៅជាកន្លែងសម្រាប់ជជែកពិភាក្សាអំពីការបង្ក្រាបបញ្ហាសកលនេះ។

គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបទីតាំងបទល្មើស Online Scam ចំនួន ៦៦៣ ទីតាំង។ ក្នុងចំណោមនោះ បានបិទ និងគ្រប់គ្រងមណ្ឌលឆបោកចំនួន ៨៦ ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០ លានដុល្លារអាមេរិក ក្នុងគណនីធនាគារ ក៏ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។

ចំណែកក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់ មានចំនួន ៤៤៦ ករណី កំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ ដោយពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣.៩២៧ នាក់ រួមមានមេខ្លោង និងគូកនមកពី ២៩ សញ្ជាតិ។ វិធានការច្បាប់ ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញថា ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងចំនួន ៤ ទាក់ទិននឹងជនសង្ស័យចំនួន ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

ស្របគ្នានេះ ជនបរទេសចំនួនជាង ២ ម៉ឺននាក់ មកពី ៣៨ សញ្ជាតិ ក៏ត្រូវបានបញ្ជូនឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com