លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បន្ទាប់ពីភាគីថៃ ខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកជាង ៦៥០.០០០នាក់ នៃរបាយការណ៍របស់អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន៣៤៩ បានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងគ្រាប់យុទ្ធភណ្ឌទូទៅ ។
លោកគូសបញ្ជាក់ថា បច្ចុប្បន្ននេះ អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានរួចរាល់ហើយ បានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមជាង ៣.៨០០គីឡូម៉ែត្រក្រឡា ។ តួលេខនេះមិនគិតចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជនដែលបានរត់បោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាម ហើយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ។
អគ្គនាយកCMAC បានបញ្ជាក់អះអាងថា ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូច ធំ រាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកំរោលឃោរឃៅដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ សារធាតុគីមី កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេក រកយុត្តិធម៌ ៕