ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស សុខា ជំរុញមន្ត្រីប្រើសៀវភៅណែនាំនីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ជាគ្រឹះពង្រឹងយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស
ថ្ងៃទី ៖ 11-08-2026, ដោយ​​ Dara007 , 25 Views
                     
ភ្នំពេញៈ លោក ស សុខា បានជំរុញមន្ត្រីប្រើសៀវភៅណែនាំនីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ជាគ្រឹះពង្រឹងយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះពិតប្រាកដ និងធ្វើជាមូលដ្ឋានគ្រឹះក្នុងការវែកមុខស្វែងរកជនល្មើស មកទទួលទោសតាមច្បាប់ជាធរមានដោយគ្មានការលើកលែង។

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាសមស្រប កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចាត់ទុកសៀវភៅនេះ ជានីតិវិធី និងជាមធ្យោបាយដ៏មានសារៈសំខាន់សម្រាប់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ តាមរយៈនេះ ជនរងគ្រោះ នឹងទទួលបានការយកចិត្តទុកដាក់ផ្តល់សេវាស្តារនីតិសម្បទា សេវាសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងសេវាសង្គម ការធ្វើសមាហរណកម្ម សេវាផ្លូវច្បាប់ និងការធ្វើមាតុភូមិនិវត្តន៍ជាដើម។

លោកបន្ដថា សៀវភៅនេះ នឹងក្លាយជានីតិវិធីដ៏ច្បាស់លាស់ក្នុងការកំណត់ និងញែកឱ្យដាច់ស្រឡះរវាង ជនរងគ្រោះពិតប្រាកដ ដែលត្រូវទទួលបានការថែទាំ គាំពារ និងឧបត្ថម្ភ និងជនល្មើសពិតប្រាកដ ដែលត្រូវប្រឈមមុខ និងទទួលទោសតាមច្បាប់ជាធរមាន។ លោកក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សៀវភៅណែនាំថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននានា ជាពិសេសអំពើជួញដូរមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា ឱ្យកាន់តែមានផ្លែផ្កា ស្របតាមឆន្ទៈ និងទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក បានអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងឡាយ ដែលមានភារកិច្ចប្រើប្រាស់សៀវភៅគោលការណ៍ណែនាំនេះ ត្រូវទទួលបានការបណ្តុះបណ្តាលយល់ដឹងឱ្យបានត្រឹមត្រូវ និងពេញលេញជាមុនសិន មុននឹងយកទៅអនុវត្តជាក់ស្តែង ព្រមទាំងត្រូវប្រើប្រាស់ឱ្យមានភាពឯកភាពគ្នា ប្រកបដោយស្មារតីសហការជិតស្និទ្ធ និងគោរពតាមតួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះពិតប្រាកដ និងធ្វើជាមូលដ្ឋានគ្រឹះក្នុងការវែកមុខស្វែងរកជនល្មើស មកទទួលទោសតាមច្បាប់ជាធរមានដោយគ្មានការលើកលែង។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សៀវភៅគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាសមស្របនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារឱ្យបានសមស្របទៅនឹងសេចក្តីត្រូវការ ចាប់តាំងពីដំណាក់កាលដំបូង ដោយមិនទុកជនរងគ្រោះចោល និងមិនអូសបន្លាយពេលវេលា ដែលនាំឱ្យជនរងគ្រោះកាន់តែប្រឈមនឹងភាពរងគ្រោះបន្តទៀតនោះឡើយ។

លោកបានសង្កត់ធ្ងន់ថា គោលការណ៍ណែនាំទាំងនេះ ក៏មានគោលបំណងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនានាឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។ សៀវភៅគោលការណ៍ណែនាំនេះ ត្រូវបានបែងចែកជា ៣ផ្នែកធំៗ ដោយផ្តោតលើខ្លឹមសារសំខាន់ៗ រួមមាន ទី១ សេចក្តីផ្តើម បានលើកឡើងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទិដ្ឋភាពរួមនៃដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ គោលបំណងនិងសារៈសំខាន់នៃគោលការណ៍ណែនាំ ការកំណត់អត្តសញ្ញាណបឋម វិសាលភាពនៃគោលការណ៍ណែនាំ អ្នកមានភារកិច្ចកំណត់អត្តសញ្ញាណបឋមរកភាពរងគ្រោះ អ្នកផ្តល់សេវា និងគោលការណ៍ណែនាំ។ ទី២. ការយល់ដឹងអំពីអំពើជួញដូរមនុស្ស បានបង្ហាញអំពីធាតុផ្សំទាំង៣ នៃអំពើជួញដូរមនុស្ស (ដោយផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ) និងលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការកំណត់ស្ថានភាពជាជនរងគ្រោះក្នុងករណីជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប និងទី៣. នីតិវិធីនៃការកំណត់សញ្ញាណបឋមជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប ដែលក្នុងនោះរួមមាន នីតិវិធីសម្រាប់ជនរងគ្រោះកម្ពុជាដែលរងគ្រោះនៅក្នុងប្រទេស, នីតិវិធីសម្រាប់ជនរងគ្រោះជាជនបរទេសដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា, និងនីតិវិធីសម្រាប់ជនរងគ្រោះកម្ពុជានៅបរទេស។

គួរកត់សម្គាល់ថា សៀវភៅគោលការណ៍ណែនាំដែលត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រោមការឧបត្ថម្ភគាំទ្រយ៉ាងសកម្មពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។ គ្រប់ភាគីបានរួមគ្នាពិភាក្សា ដកពិសោធន៍ និងស្វែងរកចំណុចប្រឈម ឬចំណុចខ្វះខាតក្នុងការអនុវត្តកន្លងមក ដើម្បើយកមកកែលម្អ និងបំពេញបន្ថែមឱ្យកាន់តែសុក្រឹត ក្នុងដំណាក់កាលដ៏លំបាកស្មុគស្មាញនៃការឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្ស ដែលបង្កប់ និងផ្សារភ្ជាប់ដោយអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com