ការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)។ ក្រសួងអប់រំ គូសបញ្ជាក់ថា ដំណើរការសំណេរនាថ្ងៃទី១ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
នៅថ្ងៃទី១នៃការប្រឡងបាក់ឌុប មានបេក្ខជនអវត្តមានចំនួន១ ៣១៤នាក់ (ស្រី៤៨៧នាក់) ស្មើនឹង០,៨៦ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១១៥នាក់ (ស្រី៣៩៥នាក់) បេក្ខជនចំណេះទូទៅចំនួន១៩៩នាក់ (ស្រី៩២នាក់)។
បេក្ខជនដែលមានបញ្ហាសុខភាព១២១នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន ១២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក ៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន ៤១នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ៧នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព ២៨នាក់។
នៅក្នុងដំណើរការសំណេរថ្ងៃទី១ មានការដកហូតគ្រឿងអេឡិចត្រូនិកហាមឃាត់ចំនួន ៨ករណី ដែលក្នុងនោះមានវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃមួយករណី និងនាឡិកាឆ្លាតវៃ៣ករណី ពីបេក្ខជន ព្រមទាំងនាឡិកាឆ្លាតវៃ៤ករណីពីគណៈកម្មការ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន៕