ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋលេខាធិការក្រសួងការងារ៖ ការចាប់យកនវានុវត្តន៍ និងការលើកកម្ពស់ការងារសមរម្យមិនមែនជាគោលដៅដែលផ្ទុយគ្នានោះទេ
ថ្ងៃទី ៖ 01-09-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ថ្លែងថា ការចាប់យកនវានុវត្តន៍ និងការលើកកម្ពស់ការងារសមរម្យមិនមែនជាគោលដៅដែលផ្ទុយគ្នានោះទេ ប៉ុន្តែត្រូវរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការធានាការគាំពារសមស្របដល់អ្នកធ្វើការ។

ថ្លែងក្នុងបើក "សិក្ខាសាលាជាតិស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា" នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សហជីព អង្គការនិយោជក អង្គការកម្មករនិយោជិត ប្រតិបត្តិករថ្នាលបច្ចេកវិទ្យា អ្នកជំនាញ និងភាគីពាក់ព័ន្ធ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងពង្រឹងការយល់ដឹងអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យានៅកម្ពុជា ពិនិត្យលក្ខខណ្ឌការងារ និងការគ្របដណ្ដប់របបសន្តិសុខសង្គមរបស់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងឈ្វេងយល់អំពីបទដ្ឋានអន្តរជាតិការងារថ្មីៗ ក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយដែលមានស្រាប់នៅកម្ពុជា ព្រមទាំងបទពិសោធរបស់បណ្ដាប្រទេសក្នុងតំបន់ ដើម្បីជាធាតុចូលសម្រាប់ការកំណត់អាទិភាព និងការពិភាក្សាគោលនយោបាយនាពេលខាងមុខ។

លោកស្រី បានគូសបញ្ជាក់ថា ប្រធានបទនេះមានសារៈសំខាន់ និងឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល និងពិភពការងារ ខណៈការរីកចម្រើននៃថ្នាលបច្ចេកវិទ្យាបានបង្កើតឱកាសថ្មីៗ ប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈមដែលទាមទារឱ្យមានការសិក្សា វាយតម្លៃ និងឆ្លើយតបប្រកបដោយតុល្យភាព។ កិច្ចពិភាក្សានេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធចែករំលែកបទពិសោធ និងកំណត់បញ្ហាប្រឈមនៃទម្រង់ការងារថ្មីៗ។

លោកស្រីបានសង្កត់ធ្ងន់ថា ការចាប់យកនវានុវត្តន៍ និងការលើកកម្ពស់ការងារសមរម្យមិនមែនជាគោលដៅដែលផ្ទុយគ្នានោះទេ ប៉ុន្តែត្រូវរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការធានាការគាំពារសមស្របដល់អ្នកធ្វើការ។ ការកំណត់ជម្រើសគោលនយោបាយត្រូវផ្អែកលើបរិបទសេដ្ឋកិច្ច សង្គម រចនាសម្ព័ន្ធទីផ្សារការងារ លក្ខណៈអាជីវកម្ម និងសមត្ថភាពអនុវត្តរបស់កម្ពុជា ព្រមទាំងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

ជាមួយគ្នានេះ លោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការយកចិត្តទុកដាក់របស់កម្ពុជាចំពោះការលើកកម្ពស់ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេសរបស់ ILO។ សិក្ខាសាលានេះត្រូវបានរំពឹងថា នឹងផ្តល់ធាតុចូលសម្រាប់ការកំណត់អាទិភាព និងសិក្សាជម្រើសគោលនយោបាយ ដើម្បីធានាការឆ្លើយតបរបស់កម្ពុជាចំពោះទម្រង់ការងារបច្ចុប្បន្ន និងការងារថ្មីៗនាពេលអនាគត ប្រកបដោយតុល្យភាព បរិយាបន្ន និងចីរភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com