ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី និងលោកជំទាវ សម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង
ថ្ងៃទី ៖ 19-08-2026, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ។

ក្នុងឱកាសឆ្លៀតពេលជួបជាមួយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ សម្ដេចធិបតីហ៊ុន ម៉ាណែត បានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស អ៊ុក វណ្ណដេ ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័ត ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង សម្តេចធិបតីសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។

ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យ ដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតិឲ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។

នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យយរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ សម្ដេចធិបតីហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឲ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។

បន្ថែមពីនេះទៀតបាន ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឲ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។

បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។ ដើម្បីជួយសម្រាលបន្ទុកដល់សាលា សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com