វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលដឹកនាំ និងគ្រប់គ្រងដោយក្រសួងធម្មការ និងសាសនា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ២០០៩។ នៅពេលនោះ សម្តេចតេជោ បានមើលឃើញថា ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗ មានភាពខុសៗគ្នា អាស្រ័យលើអាចារ្យដែលជាអ្នកដឹកនាំកម្មវិធី។ បញ្ហានេះបានបង្កឱ្យមានការជជែកវែកញែក ស្វែងរកខុសត្រូវមិនចេះចប់។
សម្តេចតេជោ យល់ឃើញថា នេះជាវិបត្តិអាចារ្យខ្មែរ ហើយនឹងក្លាយជាវិបត្តិកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការគិតគូរ និងទប់ស្កាត់ទាន់ពេលវេលា។ ហេតុនេះហើយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងធម្មការ និងសាសនា ឱ្យបង្កើតវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យទូទាំងប្រទេស ដើម្បីឱ្យមានការឯកភាព និងយោគយល់គ្នា លើការដឹកនាំពិធីកម្មសាសនា និងពិធីមង្គលនានា ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិអាចារ្យកើតឡើង។
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ក្រសួងធម្មការ និងសាសនា បានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង មានសមត្ថភាពចងចាំ និងយល់ដឹងច្បាស់លាស់អំពីពិធីកម្ម ព្រមទាំងចេះចាំទំនៀមទម្លាប់តាមស្រុកទេស មានជំនាញ និងបទពិសោធយូរឆ្នាំ ដើម្បីប្រជុំរៀបចំ និងពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរនេះឡើង។
វគ្គបណ្តុះបណ្តាលនេះ អាចផ្តល់ឱកាសឱ្យអាចារ្យ អាចារិនីទូទាំងប្រទេស បានចូលរួមសិក្សាឈ្វេងយល់ ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធគ្នាទៅវិញទៅមក លើទម្រង់ពិធីកម្មផ្សេងៗ ដែលមាននៅតាមមូលដ្ឋាន ភូមិ ស្រុក ក្នុងព្រះរាជាណាចក្រកម្ពុជា៕