ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល
ថ្ងៃទី ៖ 07-07-2026, ដោយ​​ Dara007 , 53 Views
                     
កំពង់ចាមៈ សម្តេចធិបតី មានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម លើទំនិញ និងកសិផល។ ការមានប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសសម្ពោធ បើកប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

សម្ដេចធិបតី គូសបញ្ជាក់ថាកំណាត់ផ្លូវជាតិលេខ៧នេះ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត រួមមាន នៅចំណុច ចាប់ផ្តើមខ្សែផ្លូវនេះបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៦(ពីរង្វង់មូលទីប្រជុំជនស្គន់) ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ ឆ្ពោះទៅកាន់ ស្រុកកងមាស ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ស្រុកចំការលើ និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ២២២ ក្នុងទិសដៅទៅកាន់ស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ២២៣ក្នុងទិសដៅទៅកាន់ស្រុកកងមាស និងឆ្ពោះទៅកាន់តំបន់ខេត្តស្ថិតនៅភូមិភាគឦសាន។

សម្ដេចធិបតី បន្ដថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ឡើងវិញ បានប្រែក្លាយខ្សែផ្លូវនេះទៅជាខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាព សេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្ដាខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗ បន្ថែមពីនេះ កំណាត់ផ្លូវជាតិនេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។

សម្ដេចធិបតីជឿជាក់ថា ក្រោយពេល៥ទៅ១០ឆ្នាំទៅមុខទៀត ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧នេះ នឹងកាន់តែមានការរីកចម្រើន និងអភិវឌ្ឍបន្ថែម ជាពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ និងលើកទឹកចិត្តដល់ពលរដ្ឋអាចមានជម្រើសក្នុងការជ្រើសរើសផ្លូវសម្រាប់ធ្វើដំណើរផងដែរ។ សម្ដេចធិបតី អះអាងថា ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង ខណៈនៅតាមមូលដ្ឋានរាជរដ្ឋាភិបាលក៏បានកសាងផ្លូវបេតុង តាមរយៈមូលនិធិឃុំ-សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង ១,៥ម៉ែត្រ។

កំណាត់ផ្លូវជាតិនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ម៉ែត្រ។ គម្រោងនេះបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រួចរាល់មុនផែនការ ១៥ខែ ដោយបានចំណាយថវិកាសរុបប្រមាណជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com