វត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៅក្នុងពិធី សម្ពោធ សមិទ្ធផលជាតិ នាព្រឹកនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញអំពីសារៈសំខាន់ នៃកំណាត់ ផ្លូវជាតិ លេខ៧ ដែលជាខ្សែផ្លូវដ៏សំខាន់មួយ ក្នុងចំណោមខ្សែផ្លូវជាច្រើននៅ កម្ពុជា ត្រូវ បាន រាជរដ្ឋាភិបាល សម្រេច ឱ្យមានការស្ថាបនាពង្រីក និង លើកកម្រិត គុណភាព ឡើង វិញយ៉ាង ល្អ ប្រសើរ ក្រោមកិច្ចសហ ប្រតិបត្តិការដ៏រឹងមាំ ការជួយជ្រោមជ្រែង គ្រប់បែបយ៉ាង និង ការគាំទ្រផ្នែកហិរញ្ញប្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បី បម្រើជាឧត្តម ប្រយោជន៍ជាតិ ទាំង ផ្នែកយុទ្ធសាស្រ្ត និងសេដ្ឋកិច្ច ជាពិសេស សម្រាប់ ជាចំណងដៃ ដ៏ពិសិដ្ឋថ្លៃថ្លាពីរាជ រដ្ឋាភិបាល កម្ពុជា ជូនដល់បងប្អូន ប្រជាពលរដ្ឋនៅខេត្ត កំពង់ចាម និងបងប្អូន ប្រជាពលរដ្ឋ កម្ពុជា ទាំងមូល។ កំណាត់ ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនា ឡើងវិញកាលពីឆ្នាំ១៩៩៩ ជា ប្រភេទ ផ្លូវ ក្រាល បេតុង កៅ ស៊ូ(AC)មានទទឹង ៧ម៉ែត្រ និង ៩ម៉ែត្រ ដែលកាលនោះកំណាត់ផ្លូវនេះ រួមជាមួយនឹង ស្ពាន មិត្តភាពកម្ពុជា-ជប៉ុន (ស្ពាន គីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោម ជំនួយឥតសំណង ពី រដ្ឋាភិបាល នៃប្រទេស ជប៉ុន ។ ក្រោយមក នៅក្នុង នីតិកាលទី៦ នៃរដ្ឋសភា ក្រោមកិច្ច ខិតខំប្រឹងប្រែងនិងការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបាន ជំរុញការ សាងសង់ ពង្រីក និង លើក កម្រិត គុណភាព កំណាត់ផ្លូវ នេះឡើង វិញ ឱ្យបានធំទូលាយ និង ល្អប្រសើរជាងមុនដោយផ្អែកលើការសិក្សា អំពីកំណើននៃការដឹកជញ្ជូន គួបផ្សំនឹងទំហំចរាចរណ៍ ដែលមានការ កើន ឡើង យ៉ាង គំហុក ក៏ដូចជា បញ្ហា នៃ ការកកស្ទះ និងគ្រោះថ្នាក់ ចរាចរណ៍ដែល តែងតែ កើតមានជាញឹកញាប់ ហើយដែលគម្រោងសាងសង់ កំណាត់ផ្លូវជាតិ លេខ៧ នេះ ត្រូវបាន ប្រកាស បើកការដ្ឋានសាងសង់ ជាផ្លូវការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងសាងសង់ឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ មាន ប្រវែងជាង ៤៥ គីឡូម៉ែត្រ ចាប់ ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ)ទៅដល់រង្វង់មូលគល់ស្ពាន គីហ្សូណា (ក្រុង កំពង់ចាម) ត្រូវបាន ស្ថាបនា ជាប្រភេទ ផ្លូវក្រាលបេតុង កៅ ស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ និងបេតុង សរសៃ ដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវ ធ្វើ ចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ ២គន្លង មក) ដោយ គន្លង នីមួយៗ មាន ប្រវែង ៣,៧៥ម៉ែត្រ និងមានសួន ពុះទ្រូងផ្លូវ ប្រវែង១,៥ម៉ែត្រ។
កំណាត់ ផ្លូវជាតិនេះបាន រួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង មាន ប្រវែង ៤០ម៉ែត្រ មាន ទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែង ផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មាន ទទឹង ១២ម៉ែត្រ និង ពង្រីកបន្ថែម ស្ពានចាស់ដែល មាន ស្រាប់ ចំនួន ១កន្លែង មាន ទទឹង ១០,៥ ម៉ែត្រ ។ បន្ថែមពីនេះ គម្រោងក៏មានសាងសង់ ស្ថានីយ ជញ្ជីង ថ្លឹងរថយន្តដឹកជញ្ជូន លើសទម្ងន់ កម្រិត កំណត់ ចំនួន ២កន្លែង បំពាក់ ភ្លើង សញ្ញាចរាចរណ៍ចំនួន ៤កន្លែង មានបង្គោលបញ្ចេញសំឡេង សម្រាប់ជនពិការឆ្លងកាត់ផ្លូវចំនួន ៨បង្គោល សាងសង់ សួន ពុះ ចែក ទ្រូងផ្លូវ ដាក់ លូ គ្រប់ ប្រភេទ និង បំពាក់ ស្លាក សញ្ញា ចរាចរណ៍ គំនូស ចរាចរណ៍ បង្គោល គីឡូម៉ែត្រ និង បង្គោល សុវត្ថិភាព ទៅ តាម បទដ្ឋាន បច្ចេក ទេស ផ្លូវថ្នល់។ គម្រោងនេះបាន អនុវត្ដការ សាង សង់ ដោយក្រុ មហ៊ុន សាជីវកម្មស្ពាន និងថ្នល់ ចិន (CRBC) និង ត្រួត ពិនិត្យ បច្ចេកទេស ដោយ ក្រុមហ៊ុន ទីប្រឹក្សា បច្ចេកទេសក្វាង ចូវ វ៉ានអាន ប្រើ ប្រាស់ រយៈ ពេល សាងសង់ចំនួន ២៧ ខែ និងបានបញ្ចប់ ការសាងសង់ នៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រួចរាល់មុន ផែនការ ១៥ខែ ដោយ បាន ចំណាយ ថវិកា សរុប ប្រមាណជាង ១១៧ លានដុល្លារ អាម៉េរិកដែល ជា ឥណទាន សម្បទាន ពី រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជា មានិតចិន រួមជាមួយ នឹង ថវិកា បដិភាគ របស់ រាជរដ្ឋាភិបាល កម្ពុជាសម្រាប់ ការដោះ ស្រាយផលប៉ះពាល់ ការបោសសម្អាត គ្រាប់មីនយុទ្ធភ័ណ្ឌ មិន ទាន់ ផ្ទុះ និងពន្ធ អាករ ផ្សេងៗ។
ស្របតាមចក្ខុវិស័យក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងយុទ្ធសាស្រ្ត តភ្ជាប់ ប្រទាក់ ក្រឡា កំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែ ផ្លូវ យ៉ាង សំខាន់ និងជាសរសៃ ឈាម សេដ្ឋកិច្ច ដ៏មាន សក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់ រាជធានី-ខេត្ត រួមមាន នៅចំណុចចាប់ផ្តើម ខ្សែផ្លូវនេះបានតភ្ជាប់ ជាមួយ ផ្លូវជាតិលេខ៦ (ពីរង្វង់មូលទី ប្រជុំ ជន ស្គន់) ឆ្ពោះទៅទិស ដៅ រាជធានី ភ្នំពេញ និង ទិសដៅ ខេត្ត កំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុច ផ្លូវបំបែក ស្រុកព្រៃឈរជាមួយ ផ្លូវជាតិ លេខ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ និងផ្លូវជាតិ លេខ៧០ ឆ្ពោះទៅកាន់ ស្រុក កងមាស ព្រមទាំង បានតភ្ជាប់ ជាមួយ ផ្លូវជាតិ លេខ៧១ ត្រង់ ចំណុច ផ្លូវបំបែកត្រើងទៅ កាន់ ស្រុក ចំការលើ និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ២២២ ក្នុងទិសដៅ ទៅកាន់ ស្រុក ស្ទឹងត្រង់ និង ផ្លូវខេត្តលេខ២២៣ ក្នុង ទិសដៅទៅកាន់ ស្រុក កងមាស និងឆ្ពោះ ទៅ កាន់ តំបន់ខេត្ត ស្ថិតនៅ ភូមិភាគឦសាន។
ម្យ៉ាងវិញទៀត បើគិតក្នុង ក្របខណ្ឌ នៃ ការតភ្ជាប់ របស់អាស៊ាន កំណាត់ ផ្លូវជាតិ នេះក៏ជាផ្នែកមួយនៃ ផ្លូវ អាស៊ាន ហាយវ៉េ លេខ ១១ដែល តភ្ជាប់ ជាមួយ បណ្តាញខ្សែផ្លូវសំខាន់ៗ ឆ្ពោះ ទៅ កាន់តំបន់ ព្រំដែន នៃ ប្រទេស កម្ពុជា និង តភ្ជាប់ជាមួយបណ្តាញ ខ្សែផ្លូវ របស់ បណ្តា ប្រទេស នៃមហា អនុ តំបន់ មេគង្គផងដែរ៕