លោក ភោគ វណ្ណឌី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកព័ត៌មានវិទ្យា នៃធនាគារ ខេប៊ីប្រាសាក់ ដែលអ្នកជំនាញហិរញ្ញវត្ថុ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលត្រូវបានគេលួចលុយពីគណនីធនាគារ ត្រូវប្រញាប់ទាក់ ទងទៅធនាគារឱ្យឆាប់ ដើម្បីធនាគារចាត់វិធានការទាន់ពេល ជៀសវាងត្រូវជនខិលខូចដកសាច់ប្រាក់បាន។
លោកគូសបញ្ជាក់ថា ក្រោយធនាគារទទួលបានព័ត៌មាន ឬបញ្ហាដែលអតិថិជនជួបប្រទះ ធនាគារនោះនឹងព្យាយាមទាក់ទងទៅធនាគារដៃគូ ឱ្យចាត់វិធានការដូចជាការបង្កកលុយទុកមិនឱ្យជនល្មើសដកលុយបាន ឬផ្ទេរទៅធនាគារផ្សេងៗបាន។
ការរាយការណ៍ភ្លាមៗនេះ បើទោះបីជា លុយបានផ្ទេរចូលគណនីជនខិលខូចហើយក៏ដោយ ក៏មិនទាន់បាត់បង់ដែរ ប៉ុន្តែប្រសិនបើជនរងគ្រោះរាយការណ៍យឺតពេល ហើយជនខិលខូចដកពីធនាគារជាសាច់ប្រាក់ហើយ នោះនឹងពិបាកក្នុងការដោះស្រាយ៕