នៅខេត្តព្រះសីហនុថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» លោកបានសង្កត់ធ្ងន់ បន្ថែមថា ការរៀបចំពង្រឹងយន្តការការងារព័ត៌មាននិងសាធារណមតិ ជាពិសេសការពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងការអប់រំពន្យល់សាធារណជន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាស្ថិរភាពសង្គម ស្ថិរភាពនយោបាយ និងសន្តិភាពរបស់ប្រទេសជាតិទាំងមូល នៅចំពោះមុខបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតឡើងទាំងនៅក្នុងពិភពលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសរបស់យើងផ្ទាល់។
មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់សិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិទាំងអស់ទាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ឱ្យបន្តពង្រឹងទំនាក់ទំនង និងស្មារតីនៃការធ្វើការងារជាក្រុមបន្ថែមទៀត ដោយហេតុថា ការងារព័ត៌មាននិងសាធារណមតិនេះមិនអាចធ្វើទៅបានដោយមនុស្សតែម្នាក់ ឬមនុស្សមួយក្រុមឡើយ ដោយទាមទារឱ្យមានការចូលរួមសហការពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់រាប់ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន៕