ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ថ្ងៃទី ៖ 18-06-2026, ដោយ​​ Dara007 , 31 Views
                     
ព្រះវិហារៈ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និងររម្លឹកឱ្យសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ចំពោះការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងល្បិចឆបោកតាមគ្រប់រូបភាពតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យឌីជីថលនេះ។ ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលបច្ចុប្បន្ន ឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់រូបភាពថ្មីៗ និងកាន់តែទំនើប ដើម្បីល្បួង ឬគំរាមកំហែងអ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងដកហូតប្រាក់កាស ឬលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ បានកើតមានឡើងយ៉ាងញឹកញាប់ក្នុងរូបភាពផ្សេងៗគ្នា។ គោលបំណងនៃការឆបោកទាំងនេះ គឺដើម្បីលួចទិន្នន័យគណនី ឬឯកសារសម្ងាត់ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ចំណែកឯការបង្កើតព័ត៌មានក្លែងក្លាយវិញ គឺដើម្បីបំពុលសង្គម ឬមានចេតនានយោបាយមិនល្អណាមួយ។

លោកបញ្ជាក់ថា ប្រសិនបើអ្នកទទួលបានតំណភ្ជាប់ដែលមិនស្គាល់ប្រភពតាមរយៈ Facebook, Telegram ឬបណ្ដាញសង្គមផ្សេងៗ សូមកុំចុចបើក និងកុំចែកចាយបន្តជាដាច់ខាត ហើយគួរលុបតំណភ្ជាប់ទាំងនោះចោលភ្លាមៗ ព្រោះការចុចចូលនឹងធ្វើឱ្យជនឆបោកអាចលួចចូលគ្រប់គ្រងគណនី ឬលួចយកព័ត៌មានសម្ងាត់ពីក្នុងទូរស័ព្ទរបស់យើងបាន។ មួយវិញទៀតសូមកុំផ្ដល់អត្តសញ្ញាណប័ណ្ណ ឬព័ត៌មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបើកគណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ជាដាច់ខាត ទោះបីជាពួកគេផ្តល់ប្រាក់កម្រៃបន្តិចបន្តួចក៏ដោយ។ ជនឆបោកនឹងប្រើប្រាស់គណនីរបស់យើងដើម្បីធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ។

ដោយឡែកជុំវិញការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា មុននឹងជឿ ឬចែកចាយព័ត៌មានណាមួយ អ្នកប្រើប្រាស់ត្រូវតែផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ពីស្ថាប័នផ្លូវការជាមុនសិន ដើម្បីជៀសវាងការចាញ់បោក ឬការចែកចាយព័ត៌មានមិនពិត ដែលបង្កផលប៉ះពាល់ដល់សង្គម។

ទន្ទឹមនឹងនេះ លោក ទេព អស្នារិទ្ធ ក៏បានអំពាវនាវជាថ្មី និងក្រើនរំលឹកយ៉ាងទទូចដល់ស្រទាប់យុវវ័យ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» ដោយត្រូវអនុវត្ត «៣កុំ» គឺ 🛑កុំទាន់ជឿភ្លាមតាមអារម្មណ៍ឬការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែកដោយត្រូវផ្អាកហើយគិតសិន, ❌កុំទាន់ចែករំលែក (Share) ប្រភពមិនច្បាស់លាស់ដើម្បីជៀសវាងការចែកចាយមេរោគនៃព័ត៌មានក្លែងក្លាយ, និង 📱កុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានហូរចូល និងមិនត្រូវចុចលើតំណភ្ជាប់ (link) ចម្លែកឬមានភាពទាក់ទាញហួសហេតុឡើយ រួមផ្សំនឹង «១ការពារ» គឺ 🤝ការពារសន្តិសុខព័ត៌មានខ្លួនឯង តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន រួចយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន ឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ។ 🤝 ការពារសន្តិសុខព័ត៌មានខ្លួនឯង៖ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួនឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ។»

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com