ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជនជាតិដើមភាគតិច រក្សាទំនៀមទម្លាប់ប្រពៃណី «ចំការបុកដាំស្រូវ»
ថ្ងៃទី ៖ 14-06-2026, ដោយ​​ Dara007 , 59 Views
                     
មណ្ឌលគិរីៈ បងប្អូនជនជាតិដើមភាគតិចព្នង ១គ្រួសារ បានប្រមូលផ្តុំគ្នាប្រមាណ ៦០នាក់ ប្រវាសដៃគ្នាដាំស្រូវ ចំការបុកដាំស្រូវ នៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ដរក្សាទំនៀមទម្លាប់ប្រពៃណី «ចំការបុកដាំស្រូវ» តាមបែបប្រពៃណី គឺនៅតែរក្សាយ៉ាងខ្ជាប់ខ្ជួន ដោយអនុវត្តការដាំដុះជាលក្ខណៈចំការវិលជុំ ទោះបីបច្ចុប្បន្ននេះ សម័យបច្ចេកវិទ្យាកាន់តែទំនើបក៏ដោយ ។

លោក ចេន វណ្ណា ដែលជាចាស់ទុំជនជាតិដើមភាគតិចព្នង បានឱ្យដឹងថា ការធ្វើចំការវិលជុំនេះ មុននឹងការដាំដុះដំណាំស្រូវ យើងត្រូវសែនព្រេនជាមុន រួមមាន មាន់ ស្រាពាង បាយដំណើប សម្លៀកបំពាក់ប្រពៃណី និងគ្រឿងដង្វាយផ្សេងៗទៀត ដើម្បីឱ្យព្រលឹងស្រូវ ឫដំណាំផ្សេងៗ លូតលាស់បានល្អ។

លោក បន្ថែមថា ការបុកដាំស្រូវនេះ គឺមិនប្រើត្រាក់ទ័រ ឬនង្គ័ល ដើម្បីភ្ជួររាស់នោះទេ គឺប្រើកូនឈើមានមុខស្រួច (ហៅថាឈើចាក់ ឬឈើបុក) ដើម្បីចាក់ដីជារណ្តៅតូចៗ ហើយយកគ្រាប់ស្រូវដាក់ចូលបំពងឫស្សី ទម្លាក់គ្រាប់ស្រូវចូល រួចលុបដីវិញ។ លោក បន្ថែមទៀតថា ការដាំដុះនេះ គឺពឹងផ្អែកទាំងស្រុងលើទឹកភ្លៀងធម្មជាតិ ដោយចាប់ផ្តើមឆ្ការព្រៃនៅរដូវប្រាំង រួចដុតសំអាត និងដាំដុះនៅដើមរដូវវស្សាពេលមានភ្លៀងធ្លាក់ដើមដៃ។

លោក ភី ងូក ជាម្ចាស់ចំការផ្ទាល់ និងជាជនជាតិដើមភាគតិចព្នង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន បានមកជួយដាំស្រូវ ជូនគ្រួសារគាត់នាពេលនេះ ហើយការធ្វើចំការវិលជុំ តាមបែបប្រពៃណីនេះ គឺកើតមានតាំងពីដូនតាមកម្លេះ ។

លោក បានសំណូមពរដល់បងប្អូនជនជាតិដើមភាគតិចទាំងអស់ សូមចូលរួមរក្សា ការពារ ប្រពៃណីវប្បធម៌ ទំនៀមទម្លាប់សាសនា និងភាសារបស់យើង កុំឱ្យបាត់បង់ ដើម្បីរក្សាទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

ជុំវិញសកម្មភាពបង្កបង្កើនផលស្រូវបែបប្រពៃណីខាងលើ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតត្រឹមដើមខែមិថុនានេះ ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា សរុបអនុវត្តបានចំនួន ៨ ៥៤៣ហិកតា ស្មើនឹង ២៥,៦៥% នៃផែនការឆ្នាំ កើនលើសឆ្នាំមុនចំនួន ១ ៥៤៧ហិកតា ក្នុងនោះ ស្រូវចំការ អនុវត្តបានសរុបចំនួន ១៧៣ហិកតា ស្រូវស្រាល អនុវត្តបានសរុបចំនួន ៥២៩ហិកតា ស្រូវកណ្តាល អនុវត្តបានសរុបចំនួន ២ ៤០៤ហិកតា ស្រូវធ្ងន់ អនុវត្តបានសរុបចំនួន ៧៥៧ហិកតា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com