ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសម្ពោធអគារនេះសម្តែងឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់ និងការអភិវឌ្ឍ ឥតឈប់ឈរស្ថាប័នរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ ឱ្យកាន់ តែមានប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលមានភារកិច្ច បន្តថែរក្សាសមិទ្ធផលចាស់និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីនាំមកវិបុលភាពដល់ជាតិមាតុភូមិ។ជាមួយភារកិច្ចនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់នូវបាវចនា៥ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់ អាទិភាព ចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ដើម្បីសម្រេចបានក្តីសង្ឃឹមនិងការចង់បាន របស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ដើម្បីបន្តខិតខំសម្រេចបាននូវគោលដៅ នៃ គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ការកៀរគរប្រមូលចំណូលពន្ធទាំងផ្នែកពន្ធផ្ទៃក្នុង ពន្ធគយ គឺជាការចាំបាច់ក្នុងការចូលរួមចំណែកគាំទ្រដល់កិច្ចដំណើរការនិងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
បន្ថែមពីនោះទៀត ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ចំណូលពន្ធដារនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ដែលការណ៍នេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន អគារ សាលារៀន មន្ទីរពេទ្យជាដើម នៅទូទាំងប្រទេស៕