ថ្លែងក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី១៩ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានប្រសាសន៍ថា កម្ពុជាធ្លាប់បានហែលឆ្លងកាត់ដំណាក់កាលដ៏សែនជូចត់ និងផ្លាស់ប្តូរជាប្រវត្តិសាស្រ្តជាច្រើនលើកជាច្រើនសារដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន ។
គិតត្រឹមធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៨ ខែមីនា ដឹកនាំដោយលន់ នល់របបនេះ បានដួលរលំវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សម្តេចធិបតីមានប្រសាសន៍បន្តថា ពេលនោះប្រជាជនកម្ពុជាបានបង្ហាញក្តីសង្ឃឹមដោយបានរស់នៅក្នុងសន្តិភាព ប៉ុន្តែក្តីសង្ឃឹមនោះ ត្រូវរលាយបាត់ទៅវិញដោយការប្លន់អំណាចដែលបានអនុវត្តនូវនយោបាយគ្រប់គ្រងដោយរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងរយៈពេលជាង៣ឆ្នាំ ប៉ុន្តែកម្លាំងអ្នកស្នេហាជាតិបានងើបឡើងតស៊ូប្រឆាំងនឹងរបបដ៏ខ្មៅងងឹតនេះ ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងបានទទួលការជួយពីកងទ័ពស្ម័គ្រចិត្តវៀតណាមបានផ្តួលរំលំរបបប្រល័យពូជសាសន៍នេះជោគជ័យដ៏ត្រចះត្រចង់នៅឆ្នាំ១៩៧៩។ សម្តេចធិបតីបន្ថែមថា ប៉ុន្តែក្រោយថ្ងៃ៧មករា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដៃម្ខាងខំប្រឹងស្តាសេដ្ឋកិច្ច និងដៃម្ខាងទៀតខំប្រឹងទប់ស្កាត់ការវិលត្រឡប់មកវិញនៃសង្គ្រាមផ្ទៃក្នុង ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា “ជ័យជំនះ៧ មករា បានសង្គ្រោះជីវិត និងផ្តល់កំណើតទី២ដល់ប្រជាជនខ្មែរ និងនាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ធ្វើឱ្យសង្គមជាតិកម្ពុជារស់ឡើងវិញ” ។ សម្តេចមហាបវរធិបតីគូសបញ្ជាក់ទៀតថា ក្រោយថ្ងៃរំដោះ៧ មករា កម្ពុជាបានប្រឈមនូវឧបសគ្គជាច្រើនឥតគណនា ប៉ុន្តែអ្វីត្រូវបានល្អប្រសើរឡើងវិញដូចសព្វថ្ងៃដោយសារសម្តេចតេជោ ហ៊ុន សែន ៕