លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះបានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។
គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះមានបំណងដើម្បីលើកកម្ពស់ អភិរក្សជំនាញមរតកដូនតា និងធ្វើឱ្យពលរដ្ឋក្នុងក្រុងរុនតាឯកតេជោសែន មានជីវភាពល្អប្រសើរ។ គ្រូបង្រៀនផ្នែកសិល្បៈចម្លាក់ពុម្ពរូបនេះបានបញ្ជាក់ថា ចម្លាក់ពុម្ពជាចំណេះដឹងទូទៅមួយដែលក្តោបលើជំនាញចម្លាក់ផ្សេងៗដូចជាចម្លាក់ប្រាក់ ចម្លាក់ស្ពាន់។ល។ ការបង្រៀននេះដំបូងឱ្យសិក្ខាកាមរៀនពីទ្រឹស្តី ការសូនដីឥដ្ឋ ក្រោយមកធ្វើជាម្នាងសិលា។
ក្នុងគម្រោងដែលមានរយៈពេលមួយឆ្នាំនេះ លោក វិបុល បញ្ជាក់ថា ការសិក្សាអនុវត្តត្រឹមការសូនដី និងម្នាងសិលាតែប៉ុណ្ណោះ ហើយលោក ចង់ឱ្យគម្រោងបន្តទៅមួយវគ្គទៀត ដើម្បីឱ្យសិក្ខាកាមរៀនបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅទៅលើចម្លាក់ពុម្ពនេះ។ លោក វិបុល បានកោតសរសើរចំពោះសិក្ខាកាមទាំង១៥រូប ដែលបានខិតខំរៀនសូត្របានល្អប្រសើរ លើជំនាញចម្លាក់ពុម្ពនេះ ត្បិតថាការរៀនមានភាពលំបាកច្រើនក៏ពិតមែន តែតាមរយៈការតស៊ូ ព្យាយាម និងភាពអត់ធ្មត់ ធ្វើឱ្យការរៀនសូត្រពួកគេប្រព្រឹត្តទៅដោយរលូន និងអាចយកចំណេះដឹងទាំងនោះ ទៅអនុវត្តបានមួយកម្រិត។
អ្នកស្រី បុប្ផា មានវ័យ ៣៩ឆ្នាំ ដែលជាសិក្ខាកាមក្នុងគម្រោងបណ្តុះបណ្តាលជំនាញចម្លាក់ពុម្ព បានបង្ហាញមោទនភាពសម្រាប់ខ្លួនឯង ដែលក្លាយពីអ្នកដែលមិនស្គាល់ និងរៀនចម្លាក់ម្នាក់នេះកន្លងមក ជាអ្នកដែលអាចរៀន និងធ្វើចម្លាក់ពុម្ពមួយរូប។ ឆ្លងកាត់ការសិក្សាមួយរយៈមក ស្រ្តីរូបនេះយល់ថា ខ្លួនឯងមាននិស្ស័យ និងចាប់ផ្តើមស្រឡាញ់អាជីពមួយនេះដោយមិនដឹងខ្លួន។
អ្នកស្រីក៏បានបង្ហាញពីអារម្មណ៍រីករាយជាខ្លាំង នៅពេលដែលបានរៀនជំនាញដូនតាមួយនេះ ហើយដែលជាផ្នែកមួយចូលរួមអភិរក្ស ថែរក្សា ក៏ដូចជាដើម្បីទុកចែករំលែកនិងបង្រៀនតទៅដល់កូនចៅជំនាន់ក្រោយៗទៀតកុំឱ្យបាត់បង់៕