លោក ង៉ូវ សេងកាក អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ក្នុងព្រឹត្តិការណ៍«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» រៀបចំឡើងនៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាបថា ទំនាក់ទំនងទ្វេរភាគីផ្អែកតាមក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្រ្ត«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងប្រទេសដៃគូរសម្ព័ន្ធមេត្រី ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានលើកកម្ពស់មួយកម្រិតថែមទៀត។ក្នុងនោះចាប់តាំងពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៦នេះ កិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាព ត្រូវបានបង្កើតឡើងរវាងខេត្តសៀមរាប និងខេត្ត-ក្រុងចំនួន៣០នៃសាធារណរដ្ឋប្រជាមានិតចិន។ ផ្អែកលើទំនាក់ទំនងសម្ព័ន្ធមេត្រីភាពនេះ ខេត្តសៀមរាបបានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងកិច្ចសហការប្រតិបត្តិការលើវិស័យទេសចរណ៍ វិស័យអប់រំ វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យសេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យា រួមទាំងគម្រោងជួសជុលប្រាសាទបុរាណជាច្រើនផងដែរ។
លោកអភិបាលរងខេត្តសៀមរាប មានប្រសាសន៍ទៀតថា ជាក់ស្តែងព្រឹត្តិការណ៍«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន»ដែលបានរៀបចំលើទឹកដីអង្គរដ៏បវរនៃយើង ក្រៅពីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេរភាគី និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កិច្ចការងារនេះក៏បានរួមចំណែកដ៏ធំក្នុងការជំរុញនិងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ។
តាមរយៈក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរៀបចំ«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដោយមានការសម្តែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ ជាមួយក្បាច់គុនកុងហ្វូ សៅលីង និងថៃជីររបស់ព្រះសង្ឃដែលនិមន្តមកពីវត្តសៅលីង ប្រទេសចិន។ ព្រឹត្តិការណ៍នេះ បានជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្ដានុពលទេសចរណ៍របស់ប្រទេសទាំងពីរ កម្ពុជា-ចិន៕