លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដែលដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងបន្ថែមថា៖ “មានជនសង្ស័យចំនួន៣០នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាបាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្ត។ ការបណ្តេញចេញជនជាតិថៃនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល សហការរវាងសមត្ថកិច្ចកម្ពុជា និងថៃ”។ គួរបញ្ជាក់ថានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជា ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងមួយមានសណ្ឋានជាអគារខុនដូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ ល្បែងស៊ីសងអនឡាញ និងសកម្មភាពដែលអាចពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
តាមលទ្ធផលបឋម អាជ្ញាធរកម្ពុជាបានរកឃើញវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ៤ ៦៨៥គ្រឿង Monitor ចំនួន ៤១៦គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។ ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកក៏បានរកឃើញវេបសាយល្បែងអនឡាញជាច្រើន ដែលមានទិសដៅអតិថិជនទៅកាន់ប្រទេសថៃ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់បំផុតកាលពីពេលកន្លងទៅ ដោយឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើស Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចដែលមតិមួយចំនួនលើកឡើងនោះទេ។
សូមរម្លឹកផងដែរថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ ពន្ធនាគារ ខ្ពស់បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕