ការថ្លែងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជានេះធ្វើឡើងក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦” នៅកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជានៅរក្សាបាន កំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ អត្រាអតិផរណាទាប លំនឹងអត្រាប្តូរប្រាក់ កំណើនរឹងមាំនៃទុនបម្រុងអន្តរជាតិ កំណើនជាលំដាប់នៃពាណិជ្ជកម្មក្រៅប្រទេស ជាមួយពិពិធភាពកាន់តែខ្ពស់, ទាំង ផលិតផល និងដៃគូពាណិជ្ជកម្ម កំណើនខ្ពស់នៃរំហូរវិនិយោគផ្ទាល់ពីបរទេស គួបផ្សំជាមួយប្រសិទ្ធភាពនៃការអនុវត្ត គោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ និង ការធានាបាននូវ ចីរភាពថវិកាជាតិ និង បរិយាប័ន្នហិរញ្ញវត្ថុ, ហើយរំពឹងថានឹងបន្តចលនការនេះ ក្នុងរយៈពេលមធ្យម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំ ក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ គឺជាផ្លែផ្កានៃ «ផលលាភសន្តិភាព» ដែលផ្តើមចេញពីការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់ សម្ដេចតេជោ ហ៊ុន សែន, ព្រមទាំងការលះបង់ដ៏ធំធេង និង ការខិតខំឥតស្រាកស្រាន្ត ក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ជាមួយឆន្ទៈ និង មនសិការ «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និងប្រជាជន សំដៅក្ដាប់យកមកវិញនូវមោទនភាពជាតិ ដែលធ្លាប់រុងរឿង។ «ខណៈដែលសកលលោក និង តំបន់ ក៏ដូចជា កម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់, ឆ្លុះបញ្ចាំងតាមរយៈសង្គ្រាម និង ជម្លោះតាមតំបន់, ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច រវាងមហាអំណាច និង ការបន្តធ្លាក់ចុះសណ្ដាប់ធ្នាប់ពិភពលោក, គួបផ្សំនឹងការឈ្លានពាន និងការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើបូរណភាពទឹកដី និង អធិបតេយ្យជាតិកម្ពុជា, កម្ពុជានៅបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការអភិវឌ្ឍវិស័យការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ» ជាអាទិភាពគោលនយោបាយគន្លឹះ។ ក្នុង«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១», រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន ៥, ក្នុងនោះការបង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេស សម្រាប់យុវជន ត្រូវបានកំណត់ជាគោលដៅយុទ្ធសាស្ត្រទី២៕