លោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនក្រុមគ្រួសារលោកវីរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រមទាំងសាធារណជន បានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន និងរបាយការណ៍ ស្ដីពីករណីលោកវរសេនីយ៍ទោ ម៉ាប់ សុផាត រងរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក ស សុខា មានក្ដីសង្វេគយ៉ាងពន់ពេកចំពោះលោកវីរសេនីយ៍ទោ និងសូមចូលរួមរំលែកការឈឺចាប់របស់លោកវរសេនីយ៍ និងក្ដីទុក្ខព្រួយឥតគណនាជាមួយក្រុមគ្រួសាររបស់លោក។
ចំពោះក្រុមជនបង្ក និងអ្នកពាក់ព័ន្ធ លោកបានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម ជាសេនាធិការ ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធករណីនេះ យកមកអនុវត្តនីតិវិធី បញ្ជូនទៅតុលាការដោយគ្មានការលើកលែង ជាមួយជនបង្ក និងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់រួចមកហើយនោះ។
ឋិតក្នុងវេលាប្រកបដោយក្ដីក្រៀមក្រំ និងការឈឺចាប់នេះ លោក ស សុខា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសគុណនៃមហាព្រហ្មវិហារធម៌នៃលោកអ្នកមានគុណរបស់លោកវរសេនីយ៍ទោ សូមជួយអភិបាលរក្សា និងប្រោះព្រំសាធុកាពរ ឱ្យលោកបានឆ្លងផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ ដើម្បីឆាប់បានជាសះស្បើយពីមុខរបួស និងការឈឺចាប់ផងដែរ៕