ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមការស៊ើបអង្កេត និងពិនិត្យកោសល្យវិច្ច័យលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចបានរកឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់កញ្ចប់ទេសចរណ៍ក្លែងក្លាយ ដែលមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងទៀត ។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និង កងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។
សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ។ សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា ។
ជាមួយច្បាប់ នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕