លោក ទូច សុឃៈ បានឱ្យដឹងថា ការផ្សព្វផ្សាយគោលនយោបាយនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការចូលរួមបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ ពោលគឺមានន័យថាគោលនយោបាយនេះ តម្រូវឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន។
គួរបញ្ជាក់ថា ខ្លឹមសារស្នូល នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺជំរុញចូលរួមទប់ស្កាត់ រាយការណ៍បទល្មើសក្នុងសង្គម ជំរុញការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គម អំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ។
នៅក្នុងឆ្នាំ២០២៥ ការងារផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅទូទាំងប្រទេស អនុវត្តបានចំនួន ២៣០.៩៤៩លើក ដោយមានប្រជាពលរដ្ឋចូលរួមជាមធ្យមចន្លោះពី៤០នាក់ ទៅ៥០នាក់ ក្នុងមួយលើក។ ចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវបានរាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ សម្របសម្រួលដឹកនាំអនុវត្តជារៀងរាល់ឆ្នាំ ដោយលទ្ធផលនៃការអនុវត្តគោលនយោបាយនេះ ត្រូវបានប្រកាសជារៀងរាល់ឆ្នាំ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ៕