ប្រជាពលរដ្ឋមានការយល់ដឹងពីផលប៉ះពាល់នៃសំរាម និងសំណល់ប្លាស្ទិក ដោយចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ។ នេះបង្ហាញឱ្យឃើញថា កម្ពុជាកំពុងឈានទៅរកបរិស្ថានស្អាត និងមានសោភ័ណភាពប្រសើរជាងមុន នៅតាមទីប្រជុំជន តាមរយៈការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន យុវជន សមាគម អង្គការសង្គមស៊ីវិល សិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋជាច្រើន បានចូលរួមផ្សព្វផ្សាយ និងធ្វើសកម្មភាព ជំរុញភាពស្អាតនៅកម្ពុជា ដែលផ្តោតលើកត្តាសំខាន់ៗជាអាទិ៍៖ ១. ការជំរុញការផ្លាស់ប្តូរផ្នត់គំនិត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ជាងមុន និងមានស្មារតីទទួលខុសត្រូវក្នុងការវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ, ២. ការជំរុញចំណេះដឹងសិស្សានុសិស្ស នៅតាមសាលារៀន ផ្សាភ្ជាប់ជាមួយគ្រួសារ និងសហគមន៍ និងការចូលរួមពីសាធារណជនយ៉ាងផុសផុល ចំនួនជាង១៦លាននាក់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបោះចោលសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ តាមរយៈយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមជាមួយយុទ្ធនាការ «ផ្លូវជាតិ គ្មានសំរាម សំណល់ប្លាស្ទិក» ភាពស្អាត», ៣. ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ការផ្តល់សម្ភារ ដឹកជញ្ជូន និងសម្អាតសំរាម និងបានផ្តល់ធុងសំរាមដល់មណ្ឌលសុខភាព សាលារៀន និងវត្តអារាម ជាបណ្តើរៗដល់ខេត្តនៅទូទាំងប្រទេស នឹងការជំរុញសម្មភាពសម្អាតជាប្រចាំ, និង៤. បន្តជំរុញការចូលរួមគាំទ្រដល់យុទ្ធនាការក្នុងការជំរុញឱ្យសាធារណជនយល់ដឹងពីអំពីបរិស្ថាន ក្នុងនោះចំណេះលើវិធាន 4Rs (បដិសេធ, កាត់បន្ថយ, ប្រើឡើងវិញ, និងកែច្នៃឡើងវិញ)ចំពោះសំរាម និងសំណល់ប្លាស្ទិក៕