លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានថ្លែងថា ខេត្តកំពត នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកសម្រាកលំហែនៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យទានផ្សេងៗ ។ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង៤៣ម៉ឺននាក់។ លោកបន្តថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតមានវត្តមានភ្ញៀវទេសចរមកលេង និងស្នាក់នៅចំនួន ៤៣២.៨១៦នាក់ ។ ក្នុងនោះ ភ្ញៀវជាតិមាន ៤៣០.៤២៦នាក់ និងទេសចរអន្តរជាតិចំនួន២.៣៩០នាក់។
ប្រធានមន្ទីរបញ្ជាក់ថា ភ្ញៀវជាតិ និងអន្តរជាតិដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាមានចំនួន ១៤៦.៧៨៦នាក់ ។ ចំណែកភ្ញៀវ និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់ ។ ខេត្តកំពតកាន់តែមានភាពទាក់ទាញ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានយកចិត្តទុកដាក់ខ្លាំង ហើយសមិទ្ធផលទេចរណ៍ឯកក៏បានលេចឡើងជាបន្តបន្ទាប់៕