លោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៥ខែមេសានេះថា ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀតនៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ បន្ថែមពីនេះនៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នានេះដែរ ។ លោកស្រី បានបញ្ជាក់ទៀតថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ដើរលេងកម្សាន្តចំនួន ៩៨៣,០៨០នាក់ និងមានភ្ញៀវទេសចរបរទេស ចំនួន ៧,០៦៨នាក់ ។
សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ។ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នេះមានការលេង ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជនដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើជើងចតុមុខ តាមដងទន្លេសាបចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង ,មានភូមិវប្បធម៌ អតីតទីលានប្រជាធិបតេយ្យ ដល់សួនផ្សាររាត្រីនិងនៅតាមទីប្រជុំជននានាជាច្រើនកន្លែងទៀត។
គួរបញ្ជាក់ដែរថា៖នាថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍ នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនចុះកុះករ បានចូលរួមទស្សនា ស្តង់ពិព័រណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Emergency Hotline) 1291។
ក្នុងឱកាសចូលទស្សនានេះ ភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយ ដើម្បីទទួលបានរង្វាន់ជាច្រើន ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញយ៉ាងច្រើនកុះករ នៅទីតាំងលើសួនមុនីហទ័យ (សួនច្បារស្ពាននាគ វត្តភ្នំ) នៅផ្លូវលេខ៥១ កែង១០៦ រាជធានីភ្នំពេញ៕