រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ផ្តល់សេវាដឹកជញ្ជូនសាធារណៈ ដោយមិនគិតថ្លៃ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជាការជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
នាឱកាសនោះ បងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត រដ្ឋបាលរាជធានី ដែលបានជួយដោះស្រាយផ្តល់មធ្យោបាយបានទៅលេងស្រុកកំណើត ក្នុងខណ:ថ្លៃធ្វើដំណើរឡើងថ្លៃខ្ពស់ដោយសារវិបត្តិប្រេងឥន្ធន:។
លោករដ្ឋមន្រ្តី និងលោកអភិបាលរាជធានីភ្នំពេញ បានជូនពរដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពទាំងពេលទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ពេលទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត តាមរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងទាំងពេលត្រឡប់មករាជធានីភ្នំពេញវិញ៕