សម្ដេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា ផ្លូវទឹក ព្រែកជីកហ្វូណនតេជោ នឹងតភ្ជាប់មិនត្រឹមតែការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែថែមទំាងបានតភ្ជាប់ទៅកាន់តំបន់ និងពិភពលោកផងដែរ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់មុខមាត់កិត្តិយសប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតី គូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផល ដោយផ្ទាល់ដល់ខេត្តចំនួន៤ក្នុងនោះមានដូចជា កណ្ដាល, តាកែវ, កំពត និងកែបជាដើម។ ក្រៅពីខេត្ត ដែលទទួលផលដោយផ្ទាល់នោះ កំពង់ស្ពឺ, កំពង់ឆ្នាំង និងបណ្ដាខេត្តនៅជាប់បឹងទន្លេសាប និងទន្លេ មេគង្គទាំងនៅភាគខាងជើង រួមទាំងភាគខាងត្បូងក៏នឹងបានទទួលផលដោយប្រយោល ពីគម្រោង«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ។
សម្ដេចធិបតីបន្ថែមថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទិសនិរតី ហើយផ្លូវទឹកមួយនេះ នឹងក្លាយជាសរសៃឈាមភ្ជាប់ទិសខាងជើង និងខាងត្បូង។
សូមបញ្ជាក់ថា បន្ទាប់ពីគម្រោងព្រែកជីកនេះបានដំណើរការ នឹងបានបង្កើតឱកាសការងារថ្មីៗបន្ថែមទៀតក្នុងការគ្រប់គ្រង ប្រតិបត្តិការ ថែទាំ និងអភិវឌ្ឍន៍សកម្មភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមផ្លូវទឹក ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ជុំវិញ ដោយបង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដូចជា អាជីវកម្មតូច និងមធ្យម ផ្សារ សេវាកម្មស្នាក់នៅ និងអាហារដ្ឋាន ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជុំវិញព្រែកជីក ក៏អាចជួយធ្វើឱ្យតំបន់នេះមានភាពទាក់ទាញសម្រាប់វិនិយោគ និងទេសចរណ៍ បង្កើនការតភ្ជាប់រវាងតំបន់ និងជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាពផងដែរ៕