គួរឱ្យកត់សម្គាល់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:២០នាទីព្រឹក កងកម្លាំងយោធាថៃបានធ្វើសកម្មភាពចល័តរថពាសដែកចំនួន ២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្តច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃបានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ និងធ្វើសកម្មភាពយោធាដោយមិនមានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជាឡើយ។ ភ្លាមៗបន្ទាប់ពីយោធាថៃធ្វើសកម្មភាព ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជា បានធ្វើការទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ថៃ ឱ្យធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃត្រឡប់មកគោរពនូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។
សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងកងកម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ដូចកម្ពុជាដែរ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕