ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃបញ្ចប់ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃ ទី ២៨ ខែមីនា ឆ្នាំ២០២៦លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្ត ដល់ក្រសួងស្ថាប័នរដ្ឋ វិស័យ ឯកជន សិស្សានុសិស្ស និងគ្រប់ស្រទាប វណ្ណៈ ទាំងអស់ សូមស្វែងយល់ និងសូមប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ដំណោះ ស្រាយ គ្រប់ ផ្នែក និងគ្រប់កម្រិត ដើម្បីជួយរកដំណោះស្រាយនៅក្នុងការធ្វើអាជីវកម្ម និងបម្រើក្នុងសេដ្ឋកិច្ចនានា។
លោក បានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) បាននិង កំពុង លេច រូប រាង ឡើង នៅ ក្នុង សកល លោក ដោយប្រព័ន្ធបច្ចេកវិទ្យានេះមានរចនាសម្ព័ន្ធធំជាងគេ នៅក្នុង ចំណោម បច្ចេក វិទ្យា ជា ច្រើន ក្នុងបណ្តាប្រទេសនៅលើពិភពលោកទាំងអស់ បាននិងកំពុង ចាប់ យក អត្ថ ប្រយោជន៍ ពី បញ្ញា សិប្បនិម្មិត (AI) សម្រាប់ការប្រើប្រាស់នូវ រាល់ប្រតិបត្តិការផ្សេងៗ ដោយចំណេញ ពេល វេលា និងថវិកាជាដើម។ តែទោះបីយ៉ាងណាវិស័យនេះក៏គុណវិបត្តិ ដែលតម្រូវឱ្យយើង មាន ការ ប្រុង ប្រយ័ត្ន ខ្ពស់ ដើម្បីចៀសវាងនូវរាល់កំហុសផ្សេងៗក្នុងប្រតិបត្តិការរបស់ខ្លួន។
លោក រដ្ឋមន្ត្រី បន្ថែមថា បានបង្ហាញថា មាន ក្រសួង -ស្ថាប័នចំនួន ១៦ បាន និងកំពុងប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI) លើការ ផ្តល់ សេវា សាធារណៈ ជូនប្រជាពលរដ្ឋ មកដល់បច្ចុប្បន្នក៏មានក្រសួងស្ថាប័នជា ច្រើនទៀតបានប្រើប្រាស់ AI។ ចំណែកនៅក្នុងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បាន ប្រើ ប្រាស់ AI លើការផ្ទៀតផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់អ្នកស្នើសុំផងដែរ។ ជុំវិញ AI នេះ, លោក Zhao Hongyu អគ្គនាយករងក្រុមហ៊ុន Beijing Electronic Digital Intelligence Technology (BEDI) នៅក្នុងកិច្ចពិភាក្សាក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍លើកទី៤នេះ លោកបានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ អំពី ការ អនុវត្ត បច្ចេក វិទ្យា AI ដល់មន្រ្តីរាជការ វិស័យឯកជន និងសិស្ស-និស្សិតកម្ពុជា ខណៈ ដែល វិស័យ នេះ កំពុង ក្លាយ ជា កម្លាំង ចលករជំរុញសេដ្ឋកិច្ចឌីជីថល។
លោកបានបង្ហាញឧទាហរណ៍ថា ក្រុមការងារ របស់ លោក បានជួយឱ្យសហគ្រាសក្នុងស្រុកចិន បាន បង្កើតវីដេអូផ្សព្វផ្សាយរាប់ពាន់ពី AI, ហើយ សម្រាប់ការបង្កើតនេះគឺចំណាយក្នុងរយៈពេលខ្លីបំផុត ដោយបានជួយកាត់បន្ថយ ចំណាយ ផលិត កម្ម និងពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ជុំវិញ AI នេះដែរ, លោក Zhao ក៏បាន ជំរុញឱ្យភាគីពាក់ព័ន្ធ កម្ពុជា ចាប់យកដំណោះស្រាយ AI និងបង្កើនកិច្ច សហ ប្រតិបត្តិ ការ ស៊ី ជម្រៅ ក្នុងការកសាងពិភពលោកឌីជីថលរួមគ្នា។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្ត ពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ ដោយផ្តល់អាទិភាពលើការលើកកម្ពស់ ការស្រាវជ្រាវនិងអភិវឌ្ឍន៍, ការគាំទ្រការផ្ទេរបច្ចេកវិទ្យា, ការជំរុញកំណើនសហគ្រាសថ្មីៗ (Startups) និងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម។ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា គោលនយោបាយរបស់រដ្ឋាភិបាលតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ។ ដូចនេះ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយដ៏រឹងមាំ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងមានប្រសិទ្ធភាព ពីបណ្តាតួអង្គវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ និងអន្តរជាតិ ក៏ដូចជាការចូលរួមពីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដោយត្រូវកំណត់តួនាទីច្បាស់លាស់ ដើម្បីធានាលទ្ធផលជាក់ស្តែងតាមការរំពឹងទុក។ ប៉ុន្តែអ្វីដែលសំខាន់មិនអាចខ្វះបាននោះ គឺទស្សនៈ, ផ្នត់គំនិត, ការយល់ដឹង, ការគាំទ្រ និងការចូលរួមរបស់ពលរដ្ឋ, គ្រួសារ, សហគមន៍, ស្ថាប័នសាធារណៈ, ក្រុមហ៊ុនឯកជន, សហគ្រិន និងដៃគូអភិវឌ្ឍ ក្នុងការលើកស្ទួយ, ការផ្ដល់តម្លៃ និងការជឿជាក់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយឈរលើអភិក្រមរដ្ឋាភិបាលទាំងមូល (Whole-of-Government Approach) និងអភិក្រមសង្គមទាំងមូល (Whole-of-Society Approach)៕