ថ្លែងក្នុងពិធីបើកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រគ្រប់វិស័យផ្សេងទៀត។ គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន និងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។”
ទិវាជាតិលើកទី៤ មានកម្មវិធីអមសំខាន់ៗ ដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពិភាក្សា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់វិទ្យាសាស្ត្រថ្នាក់ជាតិ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងព្រឹត្តិការណ៍នេះ ពន្លារដ្ឋាភិបាល និងស្តង់ពិព័រណ៍ជាង២០០ស្តង់របស់ក្រសួងស្ថាប័ន វិស័យឯកជន និងស្ថាប័នសិក្សាស្រាវជ្រាវ ត្រូវបានរៀបចំឡើង ដើម្បីរួមគ្នាបង្ហាញការរីកចម្រើនជាក់ស្តែងនៃសមត្ថភាព នវានុវត្តន៍ជាតិ រួមទាំងការតាំងបង្ហាញគ្រឿងម៉ាស៊ីនទំនើបៗ ប្រព័ន្ធផលិតកម្មឆ្លាតវៃ និងដំណោះស្រាយឌីជីថល ដែលកំពុងបម្រើទាំងក្នុងវិស័យឧស្សាហកម្ម រហូតដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។ នេះក៏ជាវេទិកាសម្រាប់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីៗ បង្កើតភាពជាដៃគូ កែលម្អខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់សមត្ថភាពផលិត ដើម្បីបំពេញតាមតម្រូវការទីផ្សារ និងស្តង់ដាអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យគ្រប់តួអង្គក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ បង្កើនសមត្ថភាពបច្ចេកវិទ្យាចាំបាច់ ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ប្រព័ន្ធស្បៀងអាហារ សុខាភិបាល និងការពារជាតិ ដោយបញ្ជាក់ថា៖ “នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែង អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។” លោកបានលើកឡើងពីភាពចាំបាច់នៃការបង្កើនការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ដោយតម្រង់ទិសការស្រាវជ្រាវឱ្យស្របតាមតម្រូវការជាតិ និងជំរុញនវានុវត្តន៍ ដោយយកប្រជាជនជាស្នូល ខណៈប្រទេសជឿនលឿនជាច្រើន វិនិយោគប្រមាណ ២% ទៅ ៣% នៃផលិតផលក្នុងស្រុកសរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិស្រាវជ្រាវជាតិ និងកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវសម្រាប់ពាណិជ្ជូបនីយកម្ម និងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។
លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាគន្លឹះសំខាន់ក្នុងការកសាងសមត្ថភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។”
លោកបន្ដថា រាជរដ្ឋាភិបាលក៏កំពុងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេវាសាធារណៈ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ បរិយាបន្ន និងការទទួលខុសត្រូវ។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគាំទ្រការលើកកម្ពស់នវានុវត្តន៍ និងពិពិធកម្មសេដ្ឋកិច្ច ឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕