យោងតាមសេចក្តីប្រកាសបដិសេធព័ត៌មាន របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការច្រានចោលលុប MOU ឆ្នាំ២០០០នេះដោយសារកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានក្នុងស្រុកថៃ បានផ្សព្វផ្សាយព័ត៌មានដែលបានលើកអំពីហេតុផលនិងអនុសាសន៍ស្នើលុប MOU ៤៣ ឬMOU ឆ្នាំ២០០០ របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ។
ឆ្លើយតបនឹងការលើកឡើងខាងលើ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាស បដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនាពេលកន្លងមក។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្រាយបំភ្លឺនិងបញ្ជាក់ថា MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ។ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC ។
តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបន្ថែមថា MOU ឆ្នាំ២០០០ បានផ្តល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ , ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ ព្រំដែនឥណ្ឌូចិន-សៀម , កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម , បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ៕