ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខេត្តស្វាយរៀង ធ្លាប់ជាខេត្តពិបាកក្នុងការដាំដុះកសិកម្ម ដោយសារកត្តាស្ថានដីក្នុងខេត្ត មិនសូវអំណោយផល ដូច្នេះអាចងាកចេញពីការដាំស្រូវ មកបង្កើតរោងចក្រសហគ្រាសឱ្យបានច្រើនវិញ ។
សម្តេចធិបតី គូសបញ្ជាក់ថា ២០ឆ្នាំទៀត រោងចក្រមិនមានត្រឹមតែក្រុងបាវិតនោះទេ អាចនឹងមកជុំវិញខេត្ត ក្រុង តែម្តង ។
សម្ដេចធិបតីថ្លែងថា ខ្ញុំថា មិនបាច់ដាំស្រូវ មិនបាច់ដាំអីទេ ដាំរោងចក្រ ស្រូវមួយហិចតាបានប៉ុន្មានតោន គិតជាលុយវាឡើងចុះ តែបើដាំរោងចក្រ ផលិតផលឧស្សាហកម្ម ផលិតផល មិនងាយចុះថ្លៃ ឡើងចុះដូចកសិផលទេ ។ ដី១០ហិចតា ធ្លាប់ចិញ្ចឹមតែ១០គ្រួសារ ដី១០ហិចតានេះ អាចប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស អាចចិញ្ចឹមដល់រាប់ម៉ឺនគ្រួសារ ដី១០ហិចតាដែលធ្លាប់តែទាញផល ត្រឹមតែថា ១លានដុល្លារចុះឱ្យកម្ពុជា តែប្រែក្លាយទៅជាតំបន់ឧស្សាហកម្ម អាចក្លាយជាពាន់លាន៕