រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ដែលមានទីតាំងនៅក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាម៉េរិក។ រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបង្កើនសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វាយរៀងដល់ ២២.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ១១០ គីឡូម៉ែត្រ និងបង្កើនសេវាទឹកស្អាតជូន ៧.៣៧៨ គ្រួសារបន្ថែមទៀត រួមទាំងពលរដ្ឋងាយរងគ្រោះចំនួន ៣៧៥ គ្រួសារផងដែរ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងអនុញ្ញាតិឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្រប ដណ្តប់ក្នុងតំបន់សេវារបស់ខ្លួន (ក្រុងស្វាយរៀង និងឃុំចំនួន៥នៃស្រុកស្វាយជ្រំ) ពី៣២% ទៅ ៥៨%។ ចំណែកគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ ដែលរាជរដ្ឋាភិបាលបានប្រកាសបើកការដ្ឋានសាងសង់គម្រោងទន្ទឹមនឹងការសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី គឺមានទីតំាងស្ថិតនៅក្នុងខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។ ក្រោមទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិក គម្រោងនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ ១៣.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩ គីឡូម៉ែត្រ ផ្តល់តំណទឹកស្អាតថ្មីចំនួន ២៨.៦៦០ គ្រួសារ ដោយគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧។
សូមបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦ លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងទ្វេដងពី ៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ជាង ១,៥៧ លានគ្រួសារក្នុងឆ្នាំ២០២៥។ គម្រោងដែលប្រើថវិកាជាតិនេះបង្ហាញពីការយកចិត្តទុកដាក់ និងការបន្តវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកប ដោយសមធម៌ កាត់បន្ថយគម្លាតសេវារវាងតំបន់ទីក្រុងនិងជនបទ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋាន៕