ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមីនា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បញ្ជាក់ថា សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុនសហការជាមួយអង្គការ IOM និង UNICEF បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលស្មើនឹងទឹកប្រាក់ ១លាន ៨សែនដុល្លារអាម៉េរិក ដល់ជនភៀសសឹក នៅតាមតំបន់ព្រំដែនកាលពីខែសីហាឆ្នាំមុន។ ឯកអគ្គរាជទូតជប៉ុន បានអះអាងថា ចាប់តាំងពីខែមករា ឆ្នាំ២០២៦ ជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រដល់ពលករដែលត្រឡប់មកពីប្រទេសថៃ និងជនងាយរងគ្រោះនៅតាមតំបន់ព្រំដែនផងដែរ។ ជាងនេះទៅទៀតជប៉ុន ក៏បាននិងកំពុងបន្តផ្តល់ការគាំទ្រ ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា លើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
ទំហំទឹកប្រាក់សរុបនៃជំនួយទាំងនេះ គឺប្រមាណ ១៧លានដុល្លារអាម៉េរិក។ ជប៉ុន មានបំណងបន្តគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជំរុញការស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជន នៅតាមតំបន់ព្រំដែននាពេលអនាគត។ ចំពោះបញ្ហាជម្លោះរវាងកម្ពុជា-ថៃ ជប៉ុនសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានភាពប្រក្រតីឡើងវិញឆាប់ៗតាមដែលអាចធ្វើបានតាមរយៈការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងឈប់បាញ់ ការអត់ធ្មត់ជាអតិបរមា និងការបន្ថយភាពតានតឹង តាមរយៈការសន្ទនាដោយសន្តិវិធី។
ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត ហើយនឹងបន្តផ្តល់ការគាំទ្រក្រោមទម្រង់ផ្សេងៗ។
គួររម្លឹកថា កម្ពុជា និងជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលគិតមកទល់ឆ្នាំ២០២៦នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧៣ឆ្នាំហើយ។ ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងការទូតទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២៣ ចំពេលដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់៕