ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តុលាការភ្នំពេញ ឃុំខ្លួនមនុស្ស ៦៥នាក់ ពាក់ព័ន្ធករណី Online Scam
ថ្ងៃទី ៖ 19-03-2026, ដោយ​​ Dara007 , 14 Views
                     
ភ្នំពេញៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ បានសម្រេចចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ សរុបចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។

គួររម្លឹកថា ជនសង្ស័យទាំង៦៥នាក់នេះ ត្រូវបានសមត្ថកិច្ច នៃគណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប ចុះបង្ក្រាបទីតាំង Online Scams ក្នុងទីតាំងខុនដូរ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនចំនួន៦៥ផ្សេងគ្នា ចេញដោយលោកប៊ុន រតនៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវចោទខាងលើនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០២៥ ដល់ក្នុងឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ៣៨០ ចែងថាអំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ កាលបើបទល្មើសនេះ បានប្រព្រឹត្ត៖ ១- ដោយអ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។ ២- ដោយបុគ្គលដែលតាំងខ្លួនជាអ្នករាជការសាធារណៈ។ ៣- ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជន ដើម្បីបោះពុម្ពចេញឱ្យប្រើប្រាស់នូវមូលបត្រ។ ៤- ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជន ដើម្បីអង្គាសមូលនិធិសម្រាប់ជាជំនួយមនុស្សធម៌ ឬសង្គមកិច្ច។ ៥- ជាក្រុមមានការចាត់តាំង។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជិត៦០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី , សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានាពេលខាងមុខនេះ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com