ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បង្ហាញពីវិធីសាស្ត្រ ដោះស្រាយបញ្ហាជម្លោះទឹកដី ជាមួយថៃ
ថ្ងៃទី ៖ 10-02-2026, ដោយ​​ Dara007 , 140 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បង្ហាញពីវិធីសាស្ត្រ ដោះស្រាយបញ្ហាជម្លោះទឹកដីជាមួយថៃ ខណៈដែលជម្លោះរវាងប្រទេសពីរមិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសុំការយោគយល់ដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល មិនអាចបង្ហាញពីវិធីសាស្ត្រ ដោះស្រាយបញ្ហាជម្លោះទឹកដី ជាមួយថៃ តែរាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងដោះស្រាយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១០នាទី ប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាង។

តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំង។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះ ធ្វើឱ្យយើងដួលនោះទេ។ ត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយយើងបាន ក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេ។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដី ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាល់វិធីសាស្ត្រទាំងឡាយ ដែលបញ្ជាក់អំពីអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបង្កការខ្ទេចខ្ទាំ និងការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនឹងជ្រើស យកវិធីសាស្ត្រនោះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ ដែលបានប្រឹងប្រែងការពារជាតិទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងថ្លែងអំណរគុណ ដល់ទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា ជួយដល់ជាតិក្នុងពេលមានសង្គ្រាមឈ្លានពាន បង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីដ៏ខ្លាំងក្លា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com