ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឱកាសការងារជាង ៣ពាន់កន្លែង ផ្ដល់ជូនពលរដ្ឋនៅមូលដ្ឋានខេត្តបាត់ដំបង
ថ្ងៃទី ៖ 09-02-2026, ដោយ​​ Dara007 , 54 Views
                     
បាត់ដំបងៈ ឱកាសការងារក្នុងស្រុកជាង ៣ពាន់កន្លែង តាមរយៈវេទិកាការងារ សន្តិសុខសង្គម (ប.ស.ស.) និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េ ដើម្បីផ្ដល់ឱកាសការងារដល់ ប្រជាពលរដ្ឋនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ។

លោក សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការជ្រើសរើសចាប់យកឱកាសការងារក្នុងស្រុក គឺជាសញ្ញាវិជ្ជមានក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ព្រមទាំងចៀសផុតពីបញ្ហារើសអើង ហានិភ័យសុវត្ថិភាព និងជាពិសេសគឺការបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ។ ទន្ទឹមនឹងការទទួលបានការងារធ្វើ លោក បានបន្តលើកឡើងពីអត្ថប្រយោជន៍ដ៏លើសលប់ នៃការក្លាយជាសមាជិក ប.ស.ស. ដែលរួមមានការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយឥតគិតថ្លៃ ការគាំពារ និងទទួលបានតាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ ព្រមទាំងសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ធានាប្រាក់ចំណូលនៅពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។

បន្ថែមលើនេះ ក្រសួងក៏បានជំរុញឱ្យយុវជនចាប់យកឱកាសចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ។ វេទិកាការងារដែលរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» នេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលក្រសួងបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ខណៈដែលបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៦ ០១៧ កន្លែងកំពុងរង់ចាំផ្តល់ជូននៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្នុងវេទិកាការងារនៅខេត្តបាត់ដំបងនាពេលនេះ មានការចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់ពីសំណាក់រោងចក្រ សហគ្រាស និងសិប្បកម្មចំនួន ៧ រួមមាន៖ សិប្បកម្មសានពៅ, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា)ហ្គាមេន ខូអិលធីឌី, រោងចក្រ អាយឌាលហ្វើនឈ័រ ឯ.ក., រោងចក្រ អ ហូម ហ្វើនីស៊ីង ឯ.ក., ក្រុមហ៊ុន ថាកូ អាហ្រ្គី, ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស, ក្រុមហ៊ុន បៃ ស៊ីងសេង, និង ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ (ដែលជ្រើសរើសទៅបំពេញការងារនៅប្រទេសជប៉ុន)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com