ក្នុងកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពី លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋ សង្គម និយម វៀតណាម និង លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ នៅវិមាន សាមគ្គី ភាព ក្នុងឱកាសដែល លោក នាយករដ្ឋមន្ត្រី វៀតណាម និង លោក នាយករដ្ឋមន្ត្រី ឡាវ បានចូលរួមកិច្ចប្រជុំរវាង ថ្នាក់ដឹកនាំគណបក្ស ប្រជាជន កម្ពុជា , ថ្នាក់ ដឹកនាំ គណបក្ស កុម្មុយនីស្តវៀតណាម និង ថ្នាក់ ដឹកនាំ គណបក្ស ប្រជាជន បដិវត្តន៍ ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃ ទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។
ទន្ទឹមនេះ សម្តេចបវរធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។ សម្តេចបវរធិបតីក៏បានជំរុញក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ។
ក្នុងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ, វៀតណាមបានបង្ហាញការត្រៀមខ្លួនក្នុងការបន្តជំរុញវិនិយោគថែមទៀតនៅកម្ពុជា។ ប្រមុខ រដ្ឋាភិបាល ទាំងបី ក៏បានបន្តជំរុញការតភ្ជាប់រវាងប្រទេសទាំងបី រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូន ថាមពលអគ្គីសនី និងការអប់រំនិងបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ និងលើកកម្ពស់ទេសចរណ៍"ប្រទេសបី-គោលដៅមួយ"។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។
ប្រមុខរដ្ឋាភិបាល ទាំងបី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ប្រមុខ រដ្ឋាភិបាល ទាំងបីបានបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត, ការផ្លាស់ប្តូរព័ត៌មានក្នុងយន្តការការបរទេស, ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងការផ្សារភ្ជាប់រវាងអ្នកដឹកនាំជំនាន់ក្រោយ។ កិច្ចប្រជុំ ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្តិសុខមិនប្រពៃណីផងដែរ៕