កម្លាំងសមត្ថកិច្ចជំនាញតាមបណ្តារាជធានី-ខេត្តកំពុងបន្តចុះបង្ក្រាបនិងបំបែកសម្បុកក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការបន្តចាត់វិធានការបង្ក្រាបទ្រង់ទ្រាយធំដោយផ្អែកលើការស្រាវជ្រាវច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ។ ប្រតិបត្តិការទាំងនេះបានជំរុញឱ្យជនបរទេសចំនួន ១១០.០៩៥ នាក់ មាន ៦ សញ្ជាតិ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និងប៉ាគីស្ថានបានចាកចេញពីប្រទេសកម្ពុជាក្នុងចន្លោះខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៦។ តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ខណៈអាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសចំនួន ៩ ៣១៤ នាក់ ចេញពីកម្ពុជា។
កិច្ចខិតខំទាំងនេះបានបង្ហាញពីឆន្ទៈពិតប្រាកដ ជាមួយការអនុវត្តច្បាប់តឹងរឹងក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមិនមានការលើកលែងឡើយ ដើម្បីការពារសន្តិសុខសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សង្គម ទាំងក្នុងប្រទេសកម្ពុជា តំបន់ និងនៅលើសកលលោក។ រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។
រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕