លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានណែនាំដល់ការិយាល័យជំនាញទាំងអស់ ជាពិសេសតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ សម្រាប់ឆ្នាំ២០២៦ ត្រូវពង្រឹងយន្តការប្រមូលផ្តុំ និងការគ្រប់គ្រងព័ត៌មាន បម្រើឱ្យព្រឹត្តិការណ៍សំខាន់ៗ និងក្តាប់ឱ្យជាប់នូវរាល់មហិច្ឆតាប៉ុនប៉ងបង្កអសន្តិសុខ ចលាចល ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្តាប់ធ្នាប់ និងអំពើភេវរកម្ម ការញុះញង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល និងពង្រឹងយន្តការស្រាវជ្រាវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ (ប្លន់ ឃាតកម្ម ចាប់មនុស្សជំរិតទារប្រាក់ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស រំលោភសេពសន្ថវៈ) និងបណ្ដាបទល្មើសផ្សេងៗ។
ទទួលនិងចាត់ការតាមនិតិវិធីនូវរាល់បណ្ដឹង ដីការបស់តុលាការ ជាពិសេសពង្រឹងការកសាងនីតិវិធីផ្នែកនគរបាលយុត្តិធម៌ បច្ចេកវិទ្យាទំនើប និងរៀបចំបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន(ប្រុស-ស្រី)ឱ្យបានសមរម្យ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ប្រាប់ឱ្យកងរាជអាវុធហត្ថក្រុង ស្រុក ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈបំពាក់ អនុវត្តបទបញ្ជា ដើម្បីជួយគាំទ្រ និងការពារសន្តិសុខដល់ប្រជាពលរដ្ឋតាមភូមិសាស្ត្ររៀងៗខ្លួន៕