ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា វៀតណាម រីកចម្រើនវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ថ្ងៃទី ៖ 13-01-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ កម្ពុជា វៀតណាម ឯកភាពគ្នាបន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតល្មួតបន្ថែមទៀត ខណៈប្រទេសទាំង២បានរីកចម្រើនវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លោក ង្វៀន ម៉ាញ គឿង អនុរដ្ឋមន្ត្រីការបរទេស និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ នៅអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ភាគីទាំងពីរយល់ឃើញដូចគ្នាអំពីឧត្តមប្រយោជន៍ ដែលត្រូវបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម លើយន្ដការដែលមានស្រាប់នាពេលកន្លងមក។

លោក នេត សាវឿន បានសម្តែងនូវការកោតសរសើរចំពោះបក្ស និងរដ្ឋាភិបាលវៀតណាមចំពោះការសម្រេចសមិទ្ធផលធំៗជាច្រើន។

លោកបានបញ្ជាក់ថា កម្ពុជា-វៀតណាម ជាអ្នកជិតខាងដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយគ្នា ជាពិសេសមានកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកនៅពេលជួបវិបត្តិ ហើយប្រទេសទាំងពីរបានឆ្លងកាត់សង្គ្រាមច្រើនដំណាក់កាល និងមិនចង់ឃើញសង្គ្រាមកើតឡើងទៀតឡើយ។

ជាមួយគ្នានោះ លោក ង្វៀន ម៉ាញ គឿង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជា ដែលសម្រេចបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយសង្កេតឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា មានការវិវត្តគួរឲ្យកត់សម្គាល់។ លោកអនុរដ្ឋមន្ដ្រី ក៏បានយល់ឃើញដែរថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម មានប្រវត្តិយូរអង្វែងដែលជាទ្រព្យមួយដ៏មានតម្លៃសម្រាប់ប្រជាជន គណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

លោកបានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ដោយមើលឃើញពីសក្តានុពលដ៏ធំធេងនៃទំនាក់ទំនងទ្វេភាគី លោកអនុរដ្ឋមន្ដ្រីបានលើកឡើងថា ភាគីទាំងពីរត្រូវបន្តសហការគ្នាឲ្យកាន់តែស្អិតល្មួត ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្សឲ្យរឹងមាំសម្រាប់ជំរុញការអភិវឌ្ឍទៅមុខ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com