ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Stéphane Bonamy ប្រធានបេសកកម្ម ICRC ប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ។
ជាងនេះទៅទៀត អង្គប្រជុំក៏បានលើកឡើង អំពីការយកចិត្តទុកដាក់របស់ ICRC លើការធ្វើមាតុភូមិនិវត្តន៍របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ព្រមទាំងការបន្តរៀបចំ និងអនុវត្តនូវបេសកកម្មមនុស្សធម៌របស់ ICRC នាពេលខាងមុខផងដែរ។ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ចំពោះតួនាទីដ៏មានសារៈសំខាន់ក្នុងការចុះសួរសុខទុក្ខ និងការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់កងទ័ពកម្ពុជាទាំង ១៨រូប ក្នុងអំឡុងពេលត្រូវបានឃុំខ្លួននៅប្រទេសថៃអស់រយៈពេល ១៥៥ថ្ងៃ រហូតដល់ការធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព។
ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការប្តេជ្ញារួមគ្នាក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ និងការលើកកម្ពស់ស្ថិរភាពនៅតំបន់ដែលរងផលប៉ះពាល់៕