ថ្លែងសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពីវិធានការដោះស្រាយ របស់រាជរដ្ឋាភិបាល ចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា ដើម្បីជំរុញដល់ការស្តារឡើងវិញ ជីវភាពរបស់ប្អូន រាជរដ្ឋាភិបាល បាននិងកំពុងវាយតម្លៃជាបណ្តើរៗ ទៅលើទិដ្ឋភាពសំខាន់ៗ៣ គឺ ទី១ផលប៉ះពាល់ទៅលើផលដំណាំ ទី២ស្ថានភាពបំណុល និងទី៣ ការស្តារឡើងវិញជាបន្ទាន់ នូវសេវាសាធារណៈចាំបាច់ ជាពិសេសបណ្តាញទឹកស្អាត អគ្គិសនី និងទូរគមាគមន៍ រួមទាំងបណ្តាញដែលស្ថិតនៅក្រោម ការវិនិយោគរបស់ប្រតិបត្តិករឯកជន ។
កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមធនាគារ និងសមាគមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានដាក់ចេញនូវវិធានការជួយសម្រួលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិ ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែន ដែលរួមមាន ការលើកលែងកម្រៃ និងផាក់ពិន័យពាក់ព័ន្ធនឹងឥណទាន ការទូទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម និងការរៀបចំឥណទានឡើងវិញជាដើម បន្ថែមលើការលុបចោលឥណទាន រហូតដល់១០លានរៀល ដល់យោធិនពិការនៅសមរភូមិ និង៨០លានរៀល ដល់យោធិនពលី ។
រាជរដ្ឋាភិបាល កំពុងពិនិត្យផ្តល់ដំណោះស្រាយ សមរម្យតាមលទ្ធភាពជាក់ស្តែង ក្នុងការជួយឱ្យបងប្អូនអាចរក្សាលំនឹងជីវភាព ប្រចាំថ្ងៃ ក្នុងអំឡុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ ។ ជាមួយគ្នានេះ សម្រាប់រយៈពេលបន្ទាប់ ក្រសួងមហាផ្ទៃ កំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូន ហើយនៅពេលដែលយើងប្រមូលបានទិន្នន័យ ព័ត៌មានចាំបាច់ រាជរដ្ឋាភិបាល តាមរយៈគណកម្មការអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យនិងដាក់ចេញនូវវិធានការ ដោះស្រាយជូនបងប្អូនតាមនីតិវិធីជាធរមាន និងការចាំបាច់ជាក់ស្តែងនៅពេលឆាប់ៗខាងមុខនេះ បច្ចុប្បន្នដោយមិនរងចាំ ដល់ការស្រង់ស្ថិតិត្រូវបានធ្វើរួចរាល់នោះទេ ក្នុងស្មារតី បុរេសកម្មដោយការទទួលខុសត្រូវខ្ពស់ គណៈកម្មការអន្តរក្រសួង កំពុងរៀបចំយ៉ាងសកម្ម នូវកិច្ចប្រជុំ និងពិភាក្សាលើជម្រើសនានា ដើម្បីពិភាក្សារកដំណោះស្រាយ សមស្របជាក់ស្តែង និងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋយើង ៕