សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលា ដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បន្ដថា ល្ងាចម្សិលមិញយើងបានតបតបន្ថែម ដោយយប់មិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែល ខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។
ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។
សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។
សម្ដេចតេជោ ហ៊ុន សែនអះអាងថា យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។
ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន កំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ យើងថាល្មោភសង្រ្គាម។ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទ យើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង៕