ប្រទេសកម្ពុជាយើង មិនសូវសម្បូរអ្នកជំនាញកិច្ចការព្រំដែនទេ ហើយពួកគេភាគច្រើនបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ប៉ុន្តែ បើនិយាយពីអ្នកចូលចិត្តនិយាយរឿងព្រំដែនវិញ គឺសម្បូរខ្លាំងណាស់ ទោះបីជាពួកគេគ្មានជំនាញខាងព្រំដែនក៏ដោយពីព្រោះរឿងនេះងាយកេងចំណេញនយោបាយ ដូចជាលោក អ៊ំ សំអាន ជាដើម។ អ្នកជំនាញព្រំដែននិងអ្នកនិយាយកិច្ចការព្រំដែនមានលក្ខណៈសម្គាល់ខុសគ្នា៖ អ្នកជំនាញព្រំដែនមិនសូវនិយាយចេញជាសាធារណៈទេពីព្រោះការងារនេះភាគច្រើនមានលក្ខណៈសម្ងាត់និងស្មុគស្មាញខ្លាំងទាមទារឱ្យមានការពន្យល់ច្បាស់លាស់។
ចំណែកអ្នកនិយាយរឿងព្រំដែនវិញគឺជាប្រភេទមនុស្សមាត់ដាច និយាយបានគ្រប់រឿង គ្រប់ពេល។ អ្នកជំនាញសំអាងលើផែនទី និយាមការ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ចំណែកឯអ្នកនិយាយរឿងព្រំដែនសំអាងលើវោហាសាស្ត្រ ទោះដឹងមិនច្បាស់ក៏ហាមាត់និយាយបានដែរ។
ហេតុដូច្នេះហើយបានជាអ្នកជំនាញកម្រចេញមុខនិយាយរឿងព្រំដែនជាសាធារណៈណាស់ ខណៈដែលអ្នកប្រោគប្រាជ្ញរឿងព្រំដែនវិញនិយាយរាល់ថ្ងៃ ជួនកាលមួយថ្ងៃនិយាយពីរបីដងក៏មាន។ ជាក់ស្តែង លោក អ៊ុំ សំអាន ដែលក្រុមប្រឆាំងក្រៅស្រុកចាត់ទុកជាអ្នកជំនាញខាងព្រំដែននោះចេញមុខនិយាយរឿងព្រំដែនរហូត ប៉ុន្តែ ការនិយាយស្តីរបស់គាត់ហាក់មិនឃើញមានបង្ហាញការសំអាងដែលលក្ខណៈបច្ចេកទេស វិទ្យាសាស្ត្រអ្វីទេ គឺច្រើនតែចោទប្រកាន់តាមបែបនយោបាយទៅវិញ។ ភស្តុតាង សំអាងហេតុ ដែលលោក អ៊ុំ សំអាន លើកមកបង្ហាញតាមរយៈហ្វេសប៊ុករបស់គាត់ភាគច្រើនយកប្រភពពីសារព័ត៌មានថៃ និងសម្តីរបស់បុគ្គលមួយចំនួនឬឃ្លីបវីដេអូដែលមានប្រភពមិនច្បាស់លាស់ដើម្បីចោទរដ្ឋាភិបាលនិងថ្នាក់ដឹកនាំប្រទេសថាធ្វើឱ្យបាត់ទឹកដី។ បើវិភាគទៅលើគោលបំណងរបស់លោក អ៊ុំ សំអាន គេអាចយល់បានភ្លាមថា គាត់ផ្តោតលើទិដ្ឋភាពនយោបាយច្រើនជាងបច្ចេកទេស។ ឧទាហរណ៍ បើនិយាយពីព្រំដែនកម្ពុជា-ថៃ អ្នកជំនាញត្រូវគិតដល់ផែនទីដែលបន្សល់ដោយអាណានិគមន៍បារាំងដើម្បីធ្វើជាគោល។
ផ្តើមចេញពីផែនទីគោលនេះ ទើបគេស្វែងរកព្រំដែនលើផែនដីជាក់ស្តែង ដោយគោរពតាមនិយាមការដែលបានបង្ហាញ។ គឺមិនដូចលោក អ៊ុំ សំអាន ឱ្យតែលឺអ្នកណានិយាយ ឱ្យតែឃើញឃ្លីបវីដេអូដែលនិយាយពីព្រំដែន ទោះបីអ្នកនិយាយនោះមិនយល់ទាល់តែសោះរឿងបច្ចេកទេសព្រំដែន ក៏គាត់អាចយកមកផ្សាយដើម្បីកេងចំណេញនយោបាយបានដែរ។ សូមបងប្អូនតាមមើលរាល់ការផុសរបស់គាត់នៅលើហ្វេសប៊ុក គឺអាចយល់បានហើយ។ ដូច្នេះ តាមរយៈទឡ្ហីករណ៍ទាំងនេះ គេអាចសន្និដ្ឋានបានថា លោក អ៊ុំ សំអាន មិនមែនជាអ្នកជំនាញកិច្ចការព្រំដែនទេ ប៉ុន្តែ គាត់គ្រាន់តែជាអ្នកនយោបាយនិយាយរឿងព្រំដែនតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីយល់ដឹងពីបញ្ហាព្រំដែនពិតប្រាកដ យើងចាំបាច់ត្រូវស្តាប់អ្នកជំនាញពន្យល់ និងខិតខំស្រាវជ្រាវបន្ថែម ហើយកុំឆាប់ជឿលើពួកអ្នកនយោបាយដែលជាក្រុមប្រឆាំងជ្រុលនិយមឱ្យសោះ ពីព្រោះសារធាតុរបស់ពួកគេគឺស្វែងរកផលចំណេញខាងនយោបាយតែប៉ុណ្ណោះ ដោយមិនខ្វាយខ្វល់ពីការការពារបន្ទាត់ព្រំដែនពិតប្រាកដដូចការអះអាងឡើយ។ ជាធម្មតា ការស្តាប់អ្នកជំនាញមិនសូវពិរោះជក់ចិត្តទេ ពីព្រោះអ្នកជំនាញនិយាយតែពីបច្ចេកទេសនិងច្បាប់ដែលមហាជនទូទៅមិនសូវចូលចិត្តស្តាប់ប៉ុន្មានឡើយ។ ប៉ុន្តែ បើតាំងចិត្តស្តាប់ដោយក្តីស្រេកឃ្លានចំណេះដឹង យើងពិតជាទទួលបានព័ត៌មានជាច្រើនពីអ្នកជំនាញសម្រាប់ជាមូលដ្ឋានក្នុងការពិចារណារឿងព្រំដែន។
ដូច្នេះ ប្រជាពលរដ្ឋខ្មែរដែលបារម្ភរឿងព្រំដែន និងចង់តាមដានរឿងព្រំដែនគួរព្យាយាមចំណាយពេលស្តាប់ក្រុមអ្នកជំនាញពន្យល់ជាជាងស្តាប់ឬជឿតាមពួកអ្នកនយោបាយប្រឆាំងជ្រុលនិយម ពីព្រោះបុគ្គលឬក្រុមនេះតែងស្វែងរកផលចំណេញខាងនយោបាយ ខណៈដែលអ្នកជំនាញនិយាយតែពីបច្ចេកទេសសុទ្ធសាធ ដើម្បីការពារជាដាច់ខាតនូវអធិបតេយ្យជាតិនិងបូរណភាពទឹកដីជាតិយើង។ នៅក្នុងកិច្ចការព្រំដែននេះទៀតសោត វាពាក់ព័ន្ធនឹងបូរណភាពទឹកដី។ ដូច្នេះ មានតែការប្រើប្រាស់បច្ចេកទេសនិងច្បាប់អន្តរជាតិតាមរយៈយន្តការដែលបានព្រមព្រៀងគ្នាទេ ទើបអាចធានាបាននូវភាពត្រឹមត្រូវនៃបន្ទាត់ព្រំដែន។ វោហាសាស្ត្រនយោបាយមិនបានផ្តល់ផលចំណេញអ្វីដល់ការងារព្រំដែនឡើយ ជាពិសេសបើវោហាសាស្ត្រនោះមានគោលដៅកេងចំណេញនយោបាយដូចករណីលោក អ៊ុំ សំអាន និងគូកនជាដើម។ ផ្ទុយទៅវិញ វោហាសាស្ត្រនយោបាយអំពីរឿងព្រំដែននាំដល់ការរាំងស្ទះដល់ដំណើរការដោះស្រាយបញ្ហាព្រំដែន បង្កអរិភាពជាមួយប្រទេសជិតខាង និងបង្កើតភាពភាន់ច្រឡំឬចលាចលសង្គមទៅវិញទេ។
ប្រសិនបើយើងស្រឡាញ់ទឹកដី ស្រឡាញ់ជាតិមែន ត្រូវទុកឱកាសឱ្យអ្នកជំនាញធ្វើការ។ដូច្នេះ អ្នកនយោបាយនិយាយរឿងព្រំដែនដូចលោក អ៊ុំ សំអាននិងគូកនដែលជាក្រុមប្រឆាំងជ្រុលនិយមគួរបញ្ឈប់ការនិយាយអ្វីដែលគ្រាន់តែកេងចំណេញនយោបាយ។ សូមនិយាយតែអ្វីដែលមានប្រយោជន៍ពិតប្រាកដចំពោះប្រទេសជាតិ។
បើខ្លួនមិនច្បាស់ សូមទុកឱ្យអ្នកជំនាញធ្វើការហើយកុំបង្កឧបសគ្គដល់ពួកគេ ដូចសុភាសិតមួយចែងថា «បើមិនជួយចូក មិនជួយចែវ សូមកុំយកជើងរាទឹក»៕
ដោយ វង្ស មករា សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយសង្គម