ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុនអាម៉េរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត
ថ្ងៃទី ៖ 02-12-2025, ដោយ​​ Dara007 , 29 Views
                     
ភ្នំពេញៈ ក្រុមហ៊ុនអាម៉េរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត រួមមានវិស័យសុខាភិបាល, ទេសចរណ៍និងសេវាកម្មសណ្ឋាគារ, បច្ចេកវិទ្យាឌីជីថល, ធនាគារនិងហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, ទីក្រុងឆ្លាតវៃ, យានយន្ត និងការធានារ៉ាប់រង ជាដើម។

ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លោក Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) លោក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ US-ABC នាពេលកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួង-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានា របស់បណ្ដាក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។ លោកក៏បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់វិនិយោគិន និងវិស័យឯកជន។

ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាម៉េរិកជាច្រើន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យទទួលបានជោគជ័យ និងបានជម្រាបជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះ, គណៈប្រតិភូក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកទុនវិនិយោគ ក៏ដូចជាការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យសក្តានុពលជាច្រើន រួមមាន៖ សុខាភិបាល, ទេសចរណ៍និងសេវាកម្មសណ្ឋាគារ, បច្ចេកវិទ្យាឌីជីថល, ធនាគារនិងហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, ទីក្រុងឆ្លាតវៃ, យានយន្ត និងការធានារ៉ាប់រង ជាដើម។

បន្ថែមពីនេះ, តំណាងក្រុមហ៊ុនវិនិយោគ ក៏បានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការធ្វើជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែម ដេីម្បីចូលរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Ted Osius និងគណៈប្រតិភូ ដែលបានរៀបចំឱ្យមានបេសកកម្មធុរកិច្ចនាឱកាសនេះ និងបានស្វាគមន៍ចំពោះធុរជនអាម៉េរិក ដែលជឿជាក់និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលសកម្មភាពនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ក៏ដូចជាការជំរុញវិស័យធុរកិច្ចនៅកម្ពុជា។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយ, យុទ្ធសាស្ត្រ និងយន្តការសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងគាំទ្រភាពជោគជ័យរបស់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនេះ, សម្ដេចបវរធិបតី បានលើកឡើងពីការបន្តរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជននៅកម្ពុជា។ សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ បន្តសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នកម្ពុជា និងបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com