ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សមាគម ជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យ សំខាន់ៗ
ថ្ងៃទី ៖ 11-11-2025, ដោយ​​ Dara007 , 10 Views
                     
ភ្នំពេញៈ សមាគម ជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យ សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥, លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជនបានគោរពជម្រាបជូនសម្តេចបវរធិបតី ថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន ៣០ ក្រុមហ៊ុន។ លោកប្រធានក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគម បន្ទាប់ពីសមាគមបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានសមាគមក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួនរបស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយផ្តោតជាពិសេសលើវិស័យសំខាន់ៗ ចំនួន ៣ រួមមាន៖ ១) ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើកកម្ពស់ជំនាញរបស់ពលករកម្ពុជា ដោយយកស្ដង់ដារជប៉ុនជាគោល; ២) វិស័យកសិ-ឧស្សាហកម្មកែច្នៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិផលមួយចំនួន; និង ៣) វិស័យឌីជីថល សំដៅបំពាក់ជំនាញឌីជីថលដល់ពលករកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងតែសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាជិកសមាគមដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុនអំពីកាលានុវត្តភាព និងគោលនយោបាយទាក់ទាញការវិនិយោគរបស់កម្ពុជា នាពេលកន្លងមក។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាផែនការដែលសមាគមជប៉ុន-កម្ពុជា បានរៀបចំ និង ដាក់ឱ្យអនុវត្ត។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតី បានបញ្ជាក់ជូនលោកប្រធានសមាគម និងគណៈប្រតិភូធុរជន ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគរបស់សមាគម នៅកម្ពុជា។

ទន្ទឹមនឹងនេះ ដើម្បីធានានូវដំណើរការនៃការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការរីកចម្រេីនរបស់ក្រុមហ៊ុន និងសហគ្រាសរបស់ជប៉ុន និយាយដោយឡែក ក៏ដូចជាការរីកចម្រេីនប្រទេសកម្ពុជា និយាយជារួម, សម្ដេចបវរធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមាគមជប៉ុន-កម្ពុជា ដេីម្បីសម្រេចបាននូវសកម្មភាពជាក់ស្តែង។

មុននឹងបញ្ចប់, សម្តេចបវរធិបតី បានរំលឹកឡេីងវិញផងដែរថា ក្នុងដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្ដេចបវរធិបតី ទៅកាន់ប្រទេសជប៉ុន កាលពីខែឧសភាកន្លងទៅ, កម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងការបង្កេីតគម្រោង «កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន» (Cambodia-Japan Economic Co-Creation Package) ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជនរបស់ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ចូលរួមសិក្សានិងស្វែងយល់បន្ថែមលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុន និងសហគ្រាសជប៉ុន ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន នាពេលអនាគត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com