ការអះអាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ធ្វើឡើងដោយសម្ដេចបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើឱ្យកម្ពុជាបាត់ដី។
សម្ដេចធិបតីសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំឱ្យមានការបាញ់គ្នាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើត និងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។
សម្ដេចធិបតីបញ្ជាក់ថា ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថា ភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។
សរុបដោយខ្លី សម្ដេចធិបតីសូមគូសបញ្ជាក់ថា: ១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ ២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ៕