ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ សម្ដេចតេជោ បានពន្យល់ទៅកាន់ លោក ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ រំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ។
សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។
ដូច្នេះហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់លោកឧបនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បានគឺមិនត្រូវការឲ្យប្រទេសណាមួយ សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បានគឺការធ្វើយ៉ាងណាជំរុញឲ្យភាគីទាំងពីរគោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងកម្ពុជា និងថៃឡើងវិញ។
សម្ដេចតេជោ មិនភ្លេចអរគុណចំពោះលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ។
សម្ដេចតេជោបានបង្ហាញនូវការគោរព ចំពោះតួនាទីស្នូលរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើយ៉ាងណា ទាំងការធានាបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ក្នុងឋានៈលោកជាប្រធានអាស៊ាន។
សម្ដេចតេជោបានផ្ដាំផ្ញើនូវការនឹករលឹក និងអរគុណយ៉ាងក្រៃលែង ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីភាគីម៉ាឡេស៊ី ៕