ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន បារាំង ធ្លាប់បានផ្តល់នូវការបណ្តុះបណ្តាលដល់នាយទាហានកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ក្នុងអំឡុងពេលសម័យ UNTAC។ ចាប់ពីឆ្នាំ២០០៩ បារាំង បានផ្តល់នូវជំនួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារៈដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានោះ លោក លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលធ្លាប់បានចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌ កន្លងទៅនេះ តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី២ ជាពិសេសគាំទ្រដល់ការបោសសម្អាតមីននៅតាមទីតាំងបុរាណវត្ថុក្នុងខេត្តសៀមរាប ដើម្បីគាំទ្រដល់អាជ្ញាធរជាតិអប្សរាផងដែរ៕